(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី លោក Bashar al Assad បាននិយាយថា គោលនយោបាយរបស់ប្រទេសលោកខាងលិចមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកតែម្តងនោះ ទាក់ទិននឹងអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា រួមជាមួយការលូកដៃជ្រៀតជ្រែតដោយឥតខ្មាស់អៀន លើបញ្ហាផ្ទៃក្នុងរបស់វេណេស៊ុយអេឡា ក៏ដូចជាការដាក់ទណ្ឌកម្ម បានក្លាយជាវិធីសាស្រ្តស្តង់ដាមួយដើម្បីដាក់សម្ពាធលើប្រទេសទាំងឡាយ ដែលដើរមិនស្របទៅតាមគោលដៅរបស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។
ទន្ទឹមនឹងនេះ លោក Assad បានសង្កត់ធ្ងន់ទៀតថា អ្វីដែលកំពុងតែកើតឡើងនៅវេណេស៊ុយអេឡា គឺមានលក្ខណៈស្រដៀងគ្នា ទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរីរបស់លោក កាលពីឆ្នាំ២០១១យ៉ាងដូច្នោះ ខណៈចេតនារបស់អាមេរិក និងសម្ព័ន្ធមិត្ត គឺការបង្កើនឥទ្ធិពលរំលោភអធិបតេយ្យប្រទេសដទៃ ដែលជាទង្វើល្មើសនឹងច្បាប់អន្តរជាតិ។
គួរជម្រាបថា ស៊ីរី រុស្ស៊ី ចិន និងប្រទេសឯទៀតៗ បានផ្តល់សំឡេងគាំទ្រដល់ប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីមេបក្សប្រឆាំងនៃប្រទេសអាមេរិកឡាទីនមួយនេះ គឺលោក Juan Guaido បានប្រកាសលើកខ្លួនឯងឡើងជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក រួមនិងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។
ចាប់តាំងពីការចេញមុខគាំទ្រលោក Guaido អាមេរិកបានប្រកាសដាក់ទណ្ឌកម្មបន្ថែមជាបន្តបន្ទាប់លើរដ្ឋាភិបាលទីក្រុងការ៉ាកាស់ និងបានរឹបអូសទ្រព្យរដ្ឋមួយចំនួនរបស់វេណេស៊ុយអេឡា ដោយសម្អាងលើហេតុផលថា មានតែលោក Guaido ម្នាក់គត់ប៉ុណ្ណោះ ដែលជាមេដឹកនាំរបស់ប្រទេសវេណេស៊ុយអេឡា៕