(វ៉ាស៊ីនតោន)៖ បុរសមានជាងគេនៅលើពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និង ភរិយាគឺលោកស្រី MacKenzie បានព្រមព្រៀងគ្នាហើយលើលក្ខខណ្ឌលែងលះជាមួយប្រាក់ផ្សះផ្សាបំបែកកំណត់ ត្រារហូតដល់ទៅ៣៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
យោងតាមលក្ខខណ្ឌលែងលះខាងលើ លោកស្រី MacKenzie នឹងបន្តកាន់កាប់ភាគហ៊ុន៤ភាគរយ ឬស្មើនឹង៣៥ ពាន់លានដុល្លារ (គិតតាមផ្សារហ៊ុនរបស់ Amazon បច្ចុប្បន្ន) ក្នុងក្រុមហ៊ុន Amazon ដែលប្ដីរបស់លោកស្រីបាន បង្កើតអស់រយៈពេលជាង២៥ឆ្នាំមកនេះ។ ប៉ុន្តែទន្ទឹមគ្នា លោកស្រីបានសម្រេចចិត្តផ្ទេររាល់សិទ្ធិបោះឆ្នោតនៅក្នុង ក្រុមហ៊ុនឱ្យទៅលោក Jeff Bezos ដែលនឹងបន្តរក្សាកាន់កាប់កាសែត Washington Post និងក្រុមហ៊ុនអវកាស ឯកជន Blue Origin។
គួរបញ្ជាក់ថា លោក Jeff Bezos និងលោកស្រី MacKenzie ដែលមានកូន៤នាក់ បានរួមរស់ជាមួយនឹងគ្នា ចាប់តាំងពីលោក Bezos បង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៤។ ដោយឡែក បើតាមទស្សនាវដ្ដី Forbes ក្រុមហ៊ុន Amazon កាលពីឆ្នាំ២០១៨កន្លងទៅរកប្រាក់ចំណូលបាន២៣២.៨ពាន់លានដុល្លារ ហើយនេះជួយឱ្យ គ្រួសារមហាសេដ្ឋីរូបនេះប្រមូលទ្រព្យសរុបបាន ១៣១ពាន់លានដុល្លារ៕