(នូវែលសេឡង់)៖ បុរសម្នាក់ដែលត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តទង្វើភេរវកម្មបាញ់សម្លាប់មនុស្ស ៥០នាក់ នៅក្នុងវិហារអ៊ីស្លាមចំនួនពីរនៃទីក្រុង ក្រៃស៍ឆឺច (Christchurch) ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅ ត្រូវបានគេបង្គាប់ឱ្យធ្វើតេស្ដសុខភាពផ្លូវចិត្ត នៅអំឡុងសវនាការមួយនៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។

ជនសង្ស័យភេរវករឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) មានអាយុ ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលី បានបង្ហាញខ្លួននៅក្នុងសវនាការជាមួយគ្រួសារជនរគ្រោះតាមរយៈ video link ចេញពីពន្ធនាគារ ខណៈកំពុងប្រឈមមុខនឹងបទចោទប្រកាន់ឃាតកម្មចំនួន ៥០ករណី និងបទប៉ុនប៉ងសម្លាប់មនុស្ស ៣៩ករណី។ ប៉ុន្តែនៅក្នុងសវនាការនោះដែរ ចៅក្រមលោក ខេមើរ៉ូន មែនដឺ (Cameron Mander) បានបញ្ជាក់ជនសង្ស័យភេរវកររូបនេះ នឹងត្រូវទទួលការត្រួតពិនិត្យថា សាកសមនឹងទទួលការកាត់ទោស ឬក៏ជនរូបមានសតិមិនគ្រប់គ្រាន់។

គួរបញ្ជាក់ថា សវនាការនៅព្រឹកថ្ងៃសុក្រនេះ ប្រព្រឹត្តទៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយសវនាការនៅលើកក្រោយ នឹងត្រូវធ្វើឡើងជាថ្មីម្ដងទៀតនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ។ ក្រោយការបាញ់ប្រហារកើតឡើងទៅលើក្រុមសាសនិកអ៊ីស្លាម ដែលកំពុងតែធ្វើ ពិធីបួងសួងនោះ អាជ្ញាធរនូវែលសេឡង់បានបង្កើនការប្រុងប្រយ័ត្ន និងការពារសន្តិសុខ នៅតាមព្រះវិហារអ៊ីស្លាមរៀងរាល់ថ្ងៃសុក្រ ខណៈច្បាប់គ្រប់គ្រងកាំភ្លើង ក៏ត្រូវបានរៀបចំធ្វើការរឹតបន្តឹងផងដែរ៕