(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ី ចិន ព្រមទាំងសហរដ្ឋអាមេរិកផ្ទាល់ គួរតែឈប់ចាយលុយលើសព្វាវុធទៀតទៅ ហើយងាកមកវិនិយោគលើការធ្វើដំណើរ ឆ្ពោះទៅរកការកសាងសន្តិភាពយូរអង្វែងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «រវាងរុស្ស៊ី ចិន ហើយនិងពួកយើង គឺយើងទាំងអស់គ្នាកំពុងតែខិតខំបង្កើតសព្វាវុធរួម មានទាំងនុយក្លេអ៊ែរ ដែលគិតជាទំហំទឹកប្រាក់ស្មើនឹងរាប់រយពាន់លានដុល្លារ។ ខ្ញុំគិតថាវានឹងប្រសើរជាង បើពួកយើងអាចត្រូវរ៉ូវគ្នាហើយលែងផលិតអាវុធទាំងនេះ។ ខ្ញុំយល់ថាប្រទេសទាំង០៣ អាចស្រុះស្រួលគ្នាបាន ហើយបញ្ឈប់ការចំណាយលុយលើសព្វាវុធរួចងាកមកចាយលើអ្វី ដែលមានប្រយោជន៍សម្រាប់ការកសាង សន្តិភាពយូរអង្វែងវិញ»។ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ (Liu He) ដែលមានវត្តមាននៅសេតវិមានដែរនោះបាននិយាយថា លោកយល់ស្របជាមួយគំនិតរបស់លោក ត្រាំ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានធ្វើការលើកឡើងខាងលើ ក្រោយពីរដ្ឋមន្រ្តីការបរទេសរបស់លោក គឺលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ទើបតែបានប្រាប់ឲ្យអង្គការ NATO ឲ្យត្រៀមលក្ខណៈដើម្បីប្រឈមនឹងបញ្ហាសន្តិសុខសកលថ្មី ដែលអាចបង្កឡើងដោយប្រទេសរុស្ស៊ី និងចិន។ បើនិយាយពីទំហំនៃកញ្ចប់ថវិកា ការពារជាតិរវាងប្រទេសធំៗទាំង០៣នេះវិញ គឺសហរដ្ឋអាមេរិកមានទំហំធំជាងគេជាងឯង បើសូម្បីតែយកកញ្ចប់ថវិកាការពារជាតិរបស់រុស្ស៊ី និងចិនបូកបញ្ចូលគ្នាទៅទៀត៕