(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានជម្រុញឱ្យពលរដ្ឋអាមេរិកទាំងអស់ នៅក្នុងប្រទេសវេណេស៊ុយអេឡា ចាកចេញពីប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះជាបន្ទាន់ មុននឹងបាតុកម្មទ្រង់ទ្រាយធំពីសំណាក់ក្រុមគាំទ្រ និងក្រុមប្រឆាំងរដ្ឋាភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវធ្វើឡើងព្រមពេលជាមួយគ្នានៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា ការផ្គត់ផ្គង់ទឹក សេវាទូរស័ព្ទ អ៊ិនធឺណែត បន្ទប់សង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យ និងសេវាសាធារណជាច្រើនទៀត មិនទាន់ដំណើរការបាននៅឡើយទេ ខណៈការដាច់ចរន្តអគ្គិសនីមិនទាន់ត្រូវបានដោះស្រាយ។ ដូច្នេះហើយពលរដ្ឋអាមេរិក ដែលមិនព្រមចាកចេញពីវេណេស៊ុយអេឡា គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងនៅឱ្យឆ្ងាយពីក្បួនតវ៉ា ដោយខ្លាចក្រែងអំពើហិង្សាអាចនឹងផ្ទុះឡើង។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រៅពីវិបត្តិនយោបាយរុំារ៉ៃ វេណេស៊ុយអេឡាក៏កំពុងប្រឈមមុខនឹង វិបត្តិសេវាសាធារណៈ ជាពិសេសគឺការដាច់ចរន្តអគ្គិសនីជាដើម ដែលកំពុងបង្កការលំបាកយ៉ាងខ្លាំង ដល់ប្រជាជនវេណេស៊ុយអេឡា។ ប៉ុន្តែលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់ថា សហរដ្ឋអាមេរិកកំពុងព្យាយាមវាយប្រហារលើ សេវាសាធារណៈនៅក្នុងប្រទេសរបស់លោក ដើម្បីបង្កចលាចល និងជម្លោះផ្ទៃក្នុងរហូតដល់អាចលូកដៃចូលធ្វើអន្តរាគមន៍ បណ្ដេញរូបលោកពីអំណាចថែមទៀត៕