(សាន់ហ្វ្រាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិរបស់ Boeing លោក ឌែននីស មុយឡេនប៊ឺក (Dennis Muilenburg) នាថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក បានសម្តែងការសូមទោសក៏ដូចជា សោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សរាប់រយនាក់ នៅក្នុងករណីធ្លាក់ចំនួនពីរ នៃយន្តហោះស៊េរីថ្មីរបស់ខ្លួន 737 MAX 8 ហើយលោកក៏បានទទួលស្គាល់ជាលើកដំបូងផងដែរថា បញ្ហាកំហុសឆ្គងនៃការវិភាគទិន្នន័យដោយស្វ័យប្រវត្តិ មានជាប់ពាក់ព័ន្ធនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះទាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
«យើងទាំងអស់គ្នានៅក្រុមហ៊ុន Boeing សូមសម្តែងការទោស និងមានការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស នៅក្នុងករណីធ្លាក់យន្តហោះ 737 MAX 8 កន្លងទៅនេះ ហើយពួកយើងកំពុងខិតខំផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ទៅលើការធានាសុវត្ថិភាព ដើម្បីទប់ស្កាត់កុំឲ្យមានសោកនាដកម្មបែបនេះ កើតឡើងបានជាថ្មីម្តងទៀត»។ លោក Muilenburg បាននិយាយបែបនេះ បន្ទាប់ពីអាជ្ញាធរប្រទេសអេត្យូពី បានបញ្ចេញរបាយការណ៍បឋម នៃការស៊ើបអង្កេតជុំវិញករណីធ្លាក់យន្តជើងហោះហើរ ET 302 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី Ethiopian Airlines។
យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ Ethiopian Airlines បានធ្លាក់នៅក្បែររដ្ឋធានីប្រទេសអេត្យូពី ហើយបានផ្តាច់ ជីវិតមនុស្សទាំងអស់ ១៥៧នាក់ ដែលជិះនៅលើនោះកាលពីថ្ងៃទី១០ ខែមីនា ហើយវាគឺជាស៊េរីយន្តហោះដូចគ្នាទៅនឹង យន្តហោះជើងហោះហើរ Flight 610 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វា កាលពីខែតុលា ឆ្នាំ២០១៨។ សោកនាដកម្មទាំងពីរលើកនេះ បានសម្លាប់ជីវិតមនុស្សសរុបទាំងអស់ដល់ទៅ ៣៤៦នាក់។
ដោយយោងទៅតាមរបាយការណ៍បឋម នៃការស៊ើបអង្កេតករណីធ្លាក់យន្តហោះនៅអេត្យូពីរ លោក Muilenburg បាននិយាយថា នៅក្នុងអំឡុងជើងហោះហើរនៃយន្តហោះទាំងពីរ ប្រព័ន្ធ anti-stall system (ប្រព័ន្ធចល័តប្តូរទិសស្វ័យប្រវត្តិ) ដែលគេហៅថា MCAS បានដំណើរការ ដោយសារតែការអានទិន្នន័យខុស ពីប្រព័ន្ធស្ទាបស្ទង់មុំនៃទិសខ្យល់បក់ angle-of-attack ដែលអាចត្រូវបានខូចដោយសារកត្តាខាងក្រៅ (វត្ថុផ្សេងបុក ឬសត្វបក្សីបុក)។
របាយការណ៍ខាងលើបានបង្ហាញថា ពីឡុតរបស់យន្តហោះបានអនុវត្តន៍ត្រឹមត្រូវ តាមវីធីសាស្រ្តនានាដែលផ្តល់ឲ្យដោយ Boeing ប៉ុន្តែនៅតែមិនអាចគ្រប់គ្រងការហោះហើរបានដដែល ហើយរដ្ឋមន្រ្តីដឹកជញ្ជូនអេត្យូពីបានលើកឡើងថា បញ្ហាគឺមកពីប្រព័ន្ធគ្រប់ គ្រងការហោះហើរនេះរបស់យន្តហោះតែម្តង។ នៅពេលដំណើរការប្រព័ន្ធស្វ័យប្រវត្តិ MCAS ជួយជំរុញយន្តហោះបន្ទាបក្បាលចុះក្រោម ដើម្បីឲ្យត្រឹមត្រូវតាមទិសកម្លាំងខ្យល់បក់ និងកុំឲ្យយន្តហោះគាំងដំណើរនាគ្រានោះ។
លោក Muilenburg បានបញ្ជាក់ថា Boeing នឹងចាត់វិធានការផ្សេងៗដែលចាំបាច់ ដើម្បីទប់ស្កាត់ហានិភ័យនានា ដែលអាចប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ រួមទាំងការដំណើរការខុសនៃប្រព័ន្ធ MCAS។ Boeing បានឲ្យដឹងទៀតថា ខ្លួនគ្រោងនឹងដាក់ ចេញការអាប់ដេត software សម្រាប់ប្រព័ន្ធ MCAS រួមជាមួយវគ្គបំពាក់បំប៉នគ្រប់ជ្រុងជ្រោយ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាលបន្ថែម សម្រាប់ពីឡុតយន្តហោះ 737 MAX 8 នៅទូទាំងពិភពលោក។ បើតាម Boeing ការអាប់ដេត software នេះ នឹងផ្តល់ស្រទាប់ការពារបន្ថែម ទប់ស្កាត់ការអានទិន្នន័យខុស ដែលអាចធ្វើឲ្យប្រព័ន្ធ MCAS ដំណើរការខ្លួនឯង ហើយអនុញ្ញាតឲ្យពីឡុតបិទប្រព័ន្ធ MCAS ប្រកបដោយប្រសិទ្ធភាព ដើម្បី គ្រប់គ្រងយន្តហោះដោយដៃផ្ទាល់វិញ។
គួរជម្រាបថា ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីរបស់អាមេរិក Boeing បានស្ថិតក្រោមសម្ពាធជាខ្លាំង ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាពហោះហើរនៃយន្តហោះ 737 MAX 8 របស់ខ្លួន ក្រោយការធ្លាក់យន្តហោះនេះនៅឥណ្ឌូណេស៊ី និងនៅអេត្យូពី។ បន្ទាប់ពីករណីធ្លាក់នៅអេត្យូពី យន្តហោះ 737 MAX 8 ត្រូវបានបញ្ឈរជើងចោលជាបណ្តោះអាសន្ននៅជុំវិញពិភពលោក ហើយអ្នកដែលរងសម្ពាធធ្ងន់ធ្ងរបំផុតនោះ គឺក្រុមហ៊ុន Boeing ដែលហាក់យឺតយ៉ាវក្នុងការផ្តល់ចម្លើយជុំវិញប្រព័ន្ធសុវត្ថិភាពនៃយន្តហោះប្រភេទថ្មី ដែលលក់ដាច់បំផុតរបស់ខ្លួននេះ៕