(ប៉ូឡូញ)៖ សមាជិកសភាប៉ូឡូញ លោក Janusz Szewczak បាននិយាយថារដ្ឋាភិបាលប៉ូឡូញបច្ចុប្បន្នគួរតែ ទាមទារប្រាក់សំណងជួសជុលការខូចខាតក្នុងសង្រ្គាមលោកលើកទី២ ពីអាល្លឺម៉ង់យ៉ាងហោចណាស់ ៩០០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។
លោក Szewczak ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីប៉ូឡូញ WPolityce នៅក្នុងសប្ដាហ៍នេះ។ សមាជិកសភារូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈអាល្លឺម៉ង់នៅតែមិនព្រមសងថ្លៃ ជួសជុលការខូចខាតក្នុងសង្រ្គាមលោកលើកទី២ឱ្យប៉ូឡូញ...យើងត្រូវតែទារថ្លៃជំងឺចិត្តនេះពីអាល្លឺម៉ង់យ៉ាងតិចណាស់ ក៏៩០០ពាន់លានដុល្លារដែរ»។ លោកបន្ថែមថា ការព្រងើយកន្ដើយរបស់អាជ្ញាធរប៉ូឡូញក្នុងការទាមទារសំណងពី ទីក្រុងប៊ែរឡាំង គឺជារឿងមិនអាចអត់ឱនឱ្យបាន។
គួរជម្រាបថា អាល្លឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ ដោយប្រើលេសថាកងទ័ព ប៉ូឡួញបានវាយប្រហារលើកងទ័ពរបស់ខ្លួនមុន ហើយនេះគឺជាការចាប់ផ្ដើមសង្រ្គាមលោកលើកទី២ផងដែរ។ ប៉ូឡូញ ត្រូវបានរំដោះចេញពីការត្រួតត្រារបស់អាល្លឺម៉ង់នៅឆ្នាំ១៩៤៥ ដោយកងទ័ពអតីតសហភាពសូវៀត៕