(សេអ៊ូល)៖ កូរ៉េខាងជើងបានចេញមុខថ្កោលទោសកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូលបានដាក់ឲ្យដំណើរការយន្តហោះចម្បាំង F-35A ក្រោយពីទើបតែទទួលបានចំនួន ០២គ្រឿងក្តៅៗពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានទទូចឲ្យទីក្រុងសេអ៊ូលគិតគូរពិចារណាឡើងវិញ អំពីផលវិបាកដ៏ធ្ងន់ធ្ងរ ដែលអាចកើតចេញពីការដាក់ពង្រាយយន្តហោះចម្បាំងដ៏ទំនើបនេះ នៅលើឧបទ្វីបកូរ៉េ ដោយវាគឺជាសកម្មភាពមិនសមរម្យមួយ ដែលនឹងដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់ ហើយវាក៏ជាភាពរាំងស្ទះដ៏ធំមួយ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពផងដែរ។
គួរជម្រាបថា កូរ៉េខាងត្បូងទទួលបានយន្តហោះ F-35A ០២គ្រឿងដំបូង កាលពីចុងខែមីនាកន្លងទៅ ដោយ០៨គ្រឿងទៀតត្រូវគេរំពឹងថា នឹងមកដល់នៅចុងឆ្នាំនេះ ខណៈទីក្រុងសេអ៊ូលបានបញ្ជាទិញសរុបចំនួន ៤០គ្រឿង។ សម្រាប់ទ័ពអាកាសកូរ៉េខាងជើងវិញ គឺភាគច្រើនមានយន្តហោះចម្បាំង កាលពីសម័យសហភាពសូវៀតរួមមានដូចជា MiG-21 និង Su-25 ជាដើម ខណៈដែល MiG-23 និង MiG-29 ដែលជាយន្តហោះតាំងពីសម័យដើម ទសវត្សរ៍៨០ មកម្ល៉េះនោះ ដើរតួនាទីជាកងយន្តហោះចម្បាំងទំនើបបំផុតរបស់ខ្លួន។
ទន្ទឹមគ្នានេះក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពឆ្ពោះទៅរក ការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ ក៏ហាក់បានសាបរលាបទៅផងដែរ បន្ទាប់ពីជំនួបកំពូលលើកទីពីររវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅហាណូយ បានបញ្ចប់ទៅយ៉ាងតក់ក្រហល់ទាំងពុំមានកិច្ចព្រមព្រៀង និងសូម្បីតែសេចក្តីថ្លែងការណ៍រួមចុងក្រោយ៕