(តូក្យូ)៖ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្ដជប៉ុន Nissan នៅថ្ងៃចន្ទនេះបានសម្រេចចិត្តដកអតីតប្រធានក្រុមហ៊ុន របស់ខ្លួនគឺលោក Carlos Ghosn ចេញពីក្រុមប្រឹក្សាភិបាលហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនជាច្រើនលើកពាក់ព័ន្ធ នឹងបទចោទប្រកាន់ប្រើប្រាស់ហិរញ្ញវត្ថុមិនត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។
ការសម្រេចចិត្តខាងលើ ធ្វើឡើងនៅអំឡុងកិច្ចប្រជុំពិសេសរបស់ម្ចាស់ភាគហ៊ុនទាំងអស់ ក្រោយលោក Ghosn ត្រូវ បានអាជ្ញាធរជប៉ុនចាប់ខ្លួនសាថាជាថ្មីកាលពីសប្ដាហ៍មុន។ លោក Ghosn ត្រូវបានបណ្ដេញចេញពីតំណែងជាប្រធាន ក្រុមហ៊ុន Nissan បន្ទាប់ពីអាជ្ញាធរចាប់ខ្លួនជប៉ុនចាប់ខ្លួនរូបលោកកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុង សំណុំរឿងប្រើប្រាស់ហិរញ្ញវត្ថុក្រុមហ៊ុនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បើទោះជាសាមីខ្លួនបដិសេធជាច្រើនដងក៏ដោយ។
គួរបញ្ជាក់ថា លោក Carlos Ghosn មានអាយុ៦៥ឆ្នាំ បានកាន់តំណែងជាប្រធានក្រុមហ៊ុន Nissan ចាប់តាំងពីឆ្នាំ២០០០និង ជានាយកប្រតិបត្តិពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៧៕