(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានបណ្ដេញនាយកសេវាកម្មស៊ើបការណ៍សំងាត់ លោក រ៉េនដូល អាល់ឡេស (Randolph Alles) ចេញពីតំណែងហើយ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខ មាតុភូមិលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិកលោកស្រី ឃើសជែន នៀលសិន (Kirstjen Nielsen) បានសម្រេចចិត្តលាលែងចេញពីតំណែងនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ដោយសារតែទទួលរងសម្ពាធ ពាក់ព័ន្ធនឹងស្ថានភាពនៅឯតំបន់ព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិចស៊ីកូ។ ចំណែកឯការចាកចេញរបស់លោក Alles ក៏ត្រូវបានសេតវិមានទទួលស្គាល់ដែរ ប៉ុន្តែមិនបានបញ្ជាក់ថា លោកត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញចេញពី ឬក៏លាលែងពីតំណែង ដោយខ្លួនឯងនោះឡើយ ដោយគ្រាន់តែគេដឹងថា លោក ចេមស៍ មើរ៉ាយ (James Murray) ដែលជាមន្ត្រីសេវាកម្មស៊ើបការណ៍សំងាត់ជាន់ខ្ពស់អាមេរិកម្នាក់ នឹងឡើងកាន់តំណែងជានាយកសេវាកម្មស៊ើបការណ៍សំងាត់ថ្មី នៅខែឧសភាខាងមុខនេះ។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១៧ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់ បានលាលែងចេញពីតំណែង និងខ្លះ ទៀតត្រូវបណ្ដេញដោយលោក ដូណាល់ ត្រាំ ក្នុងនោះមានដូចជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក ជែមស៍ ម៉ាត់ទីស ជាដើម៕