(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់នាថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចរារាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលតម្រូវឲ្យជនស្វែងរកសិទ្ធិជ្រកកោន ឲ្យវិលត្រឡប់ទៅកាន់ប្រទេសម៉ិចស៊ីកូវិញ ដើម្បីរង់ចាំលទ្ធផល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។
ការសម្រេចរបស់ចៅក្រមសហព័ន្ធអាមេរិក លោក រីឆាដ ស៊ីបក (Richard Seeborg) នៅឯទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ គឺជាសញ្ញាមួយប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់លំហូរជនភៀសខ្លួន ដែលចង់ស្វែងរកសិទ្ធិជ្រកកោន តាមច្រកព្រំដែនអាមេរិក-ម៉ិចស៊ីកូ ហើយវានឹងចាប់មានសុពលភាពពីថ្ងៃសុក្រសប្តាហ៍នេះតទៅ។
គួរជម្រាបថា ជនភៀសខ្លួនរាប់រយនាក់ដែលព្យាយាមស្វែងរកសិទ្ធិជ្រកកោន បានត្រឡប់ទៅម៉ិចស៊ីកូវិញ ដើម្បីរង់ចាំលទ្ធផលនៃសំណើរបស់ពួកគេ នៅក្រោមគោលនយោបាយមួយ ដែលរដ្ឋាភិបាលអាមេរិកបានអនុវត្តន៍ដំបូងគេកាលពីខែមករា នៅឯច្រកព្រំដែន សាន វ៉ាយស៊ីដ្រូ (San Ysidro) ក្នុងរដ្ឋកាលីហ្វរញ៉ា និងក្រោយមកទៀតទៅដល់ច្រកព្រំដែន Calexico នៅកាលីហ្វរញ៉ាដដែល ហើយនៅ El Paso នៃរដ្ឋតិចសាស់។ ជុំវិញការសម្រេចរបស់លោក Seeborg ក្រុមអ្នកការពារសិទ្ធិមនុស្សអាមេរិក បានបង្ហាញសំឡេងស្វាគមន៍ជាខ្លាំង ព្រោះថានយោបាយដែលហៅកាត់ថា MPP គឺពុំបានផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់ជនស្វែងរកសិទ្ធិជ្រកកោនទាំងនោះឡើយ៕