(អឺរ៉ុប)៖ ប្រធានសភាអឺរ៉ុបលោក អាន់តូនីញ៉ូ តាហ្សានី (Antonio Tajani) បានធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងស្ថានភាពសព្វថ្ងៃ នៅក្នុងប្រទេសលីប៊ី ជាមួយការរំឮកឡើងវិញពីតួនាទីស្នូលរបស់បារាំង ក្នុងការផ្ដួលរំលំអតីតរបបដឹនាំ លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) កាលពីឆ្នាំ២០១១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អ៊ីតាលី Sky TG24 លោក Tajani បានលើកឡើងដូច្នេះថា «យើងតែងតែនាំគ្នានិយាយថា បារាំង និងអ៊ីតាលីមានផលប្រយោជន៍រៀងៗខ្លួននៅក្នុងប្រទេសលីប៊ី... ជាក់ស្ដែងអតីតប្រធានាធិបតីបារាំង លោក សាកូហ្ស៊ី (Sarkozy) គឺជាអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកដែលចង់ផ្ដួលរំលំ និងសម្លាប់លោក Muammar Gaddafi តាមរយៈការចូលដៃចូលជើងជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស»។
លោកបន្ថែមថា បារាំងមានកំហុសផ្នែកការទូតយ៉ាងធ្ងន់ធ្ងរ ដោយរំពឹងថាអាចមានឥទ្ធិពលដ៏ធំនៅលីប៊ី តែចុងបញ្ចប់អ្វីដែលនៅសល់គឺភាពវឹកវរមកទល់នឹងសព្វថ្ងៃ ហើយបើគ្មានដំណោះស្រាយសមស្របណាមួយទេ នោះស្ថានភាពនឹងរឹតតែអាក្រក់ទៅហួសពីការនឹកស្មាន។ ការលើកឡើងនេះ គឺស្ថិតនៅចំពោះមុខជម្លោះជាថ្មីរវាងតំបន់ភាគខាងលិច និងតំបន់ភាគខាងកើតរុស្ស៊ី ដែលសុទ្ធសឹងតែមានរដ្ឋាភិបាល និងកម្លាំងយោធា ព្រមទាំងមហាអំណាចកាងនៅពីក្រោយរៀងៗខ្លួន។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៅក្នុងប្រទេសលីប៊ី បច្ចុប្បន្នកំពុងជួបភាពវឹកវរជាថ្មី ដោយសារតែការវាយប្រយុទ្ធគ្នារវាង រដ្ឋាភិបាលភាគខាងកើតលីប៊ី និងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី ដែលអ្នកជំនាញខ្លះកំពុងព្រួយបារម្ភថាការបង្ហូរឈាមគ្នា អាចនឹងផ្ទុះឡើងវិញ ខណៈសហរដ្ឋអាមេរិកដែលគាំទ្ររដ្ឋាភិបាលភាគកើត (មាន UN នៅពីក្រោយ) បានសម្រេចដកទ័ពចេញជាបណ្តើរៗព្រោះមើលឃើញកងទ័ពភាគខាងលិច ដឹកនាំដោយលោកឧត្តមសេនីយ ខាលីហ្វា ហាហ្វតារ (Khalifa Haftar) កំពុងសម្រុកមកយ៉ាងលឿន មកកាន់ទីក្រុងទ្រីប៉ូលី៕