(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឱ្យដឹងថាយន្ដហោះចម្បាំងបំបាំងកាយជប៉ុន F-35A ដែលបានបាត់ចេញពី ប្រព័ន្ធរ៉ាដា កាលពីយប់ថ្ងៃអង្គារ បានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អំឡុងពេលហ្វឹកហាត់ហោះហើរជាមួយ យន្ដហោះចម្បាំង F-35 ៣គ្រឿងផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។

យោងតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya យន្ដហោះចម្បាំងខាងលើបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោង ៧៖៣០នាទីយប់ (ម៉ោងនៅក្នុងតំបន់) ខណៈកំពុងហោះហើរនៅចំងាយ១៥៣គីឡូម៉ែត្រពីភាគខាងកើត ទីក្រុង Misawa ស្ថិតនៅភាគឦសានប្រទេសជប៉ុន។ លោកបន្ថែមថាបំណែកយន្ដហោះត្រូវបានគេរកឃើញនៅ ព្រឹកថ្ងៃពុធនេះ ប៉ុន្តែពុំទាន់រកឃើញពីឡុតបញ្ជាយន្ដហោះចម្បាំងនេះនៅឡើយទេ រីឯការស៊ើបអង្កេតកំពុងធ្វើឡើង។

គួរបញ្ជាក់ថា យន្ដហោះចម្បាំងជប៉ុន F-35 ដ៏ទំនើបទិញពីសហរដ្ឋអាមេរិកមានតម្លៃចាប់ពី៨៩លានដុល្លារ ឡើងទៅ ហើយការធ្លាក់យន្ដហោះចម្បាំង F-35A នេះទៀតសោត កើតមាននៅចំពេលជប៉ុនប្រកាសពីគម្រោងទិញ យន្ដហោះចម្បាំង F-35A ១០៥គ្រឿង និង F-35B ៤២គ្រឿង៕