(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានរដ្ឋាភិបាលអេហ្ស៊ីប ទុកជាមុខថា ទីក្រុងគែរអាចនឹងប្រឈមមុខការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក បើសិនជាហ៊ានទិញយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ីមកដាក់ពង្រាយ នៅប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។
លោក ប៉ុមប៉េអូ ធ្វើការព្រមានខាងលើ អំឡុងពេលផ្ដល់សក្ខីកម្មនៅចំពោះមុខព្រឹទ្ធសភាអាមេរិក ស្ដីពីសំណើនៃកញ្ចប់ថវិកាសម្រាប់ក្រសួងការបទេសអាមេរិក សម្រាប់ឆ្នាំ២០២០ នៅថ្ងៃអង្គារសប្ដាហ៍នេះ ចំពេលដែលប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតតាហ៍ អាល់ស៊ីស៊ី (Abdel Fattah Al Sisi) កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ប៉ុន្តែព្រមពេលជាមួយគ្នា លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បានបង្ហាញក្ដីសង្ឃឹមដែរថា ទីក្រុងគែរនឹងសម្រេចចិត្តលុបចោល កិច្ចសន្យាទិញយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ី។
គួរជម្រាបថា កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ អេហ្ស៊ីប និងរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើកិចសន្យាមានតម្លៃជាង ២ពាន់លានដុល្លារ ដើម្បីទិញយន្ដហោះចម្បាំង Su-35 ចំនួន ២០គ្រឿងពីរុស្ស៊ី។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកបានចេញមុខព្រមានអេហ្ស៊ីប និងបណ្ដាប្រទេសទាំងអស់ជាបន្តបន្ទាប់ ឱ្យរក្សាទំនាក់ទំនងយោធាល្អជាមួយសហរដ្ឋអាមេរិក ដោយបញ្ចៀសរាល់ការទិញអាវុធពីទីក្រុងម៉ូស្គូ បើមិនចង់ជាប់ទណ្ឌកម្មរបស់ទីក្រុង វ៉ាស៊ីនតោនទេនោះ៕