(ការ៉ាកាស់)៖ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ទឹកដីមួយផ្នែកធំនៃប្រទេសវេណេស៊ុយអេឡា រួមមានទាំងរដ្ឋធានីការ៉ាកាស់ផ្ទាល់ បានស្ថិតក្នុងសភាពងងឹតសូន្យសុងជាថ្មីម្តងទៀត ដោយសារតែការដាច់ចរន្តអគ្គិសនី ដែលជាបញ្ហាបានចាប់ផ្តើមកើតមានឡើង តាំងតែពីខែមីនាកន្លងទៅ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។
យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានវេណេស៊ុយអេឡា នាវេលាម៉ោង ១១៖២០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅវេណេស៊ុយអេឡា) ទីក្រុងការ៉ាកាស់ស្ទើរតែទាំងស្រុង រួមជាមួយតំបន់សំខាន់ៗនៃរដ្ឋយ៉ាងតិចចំនួន ១៨ ក្នុងចំណោមរដ្ឋទាំង ២៣ របស់ប្រជាជាតិនៃតំបន់អាមេរិកខាងត្បូងមួយនេះ បានដាច់ចរន្តអគ្គិសនីសាជាថ្មី។ ជុំវិញបញ្ហានេះដែរ កាលពីសប្តាហ៍មុននេះលោក ម៉ាឌូរ៉ូ ក៏បានធ្វើការផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីថាមពលអគ្គិសនីផងដែរ។
គួរជម្រាបថា បញ្ហាដាច់ចរន្តអគ្គិសនីសឹងទាំងនៅទូទាំងផ្ទៃប្រទេសនៅវេណេស៊ុយអេឡា បានកើតមានឡើងជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ដោយរដ្ឋាភិបាលទីក្រុងការ៉ាកាស់បានលើកឡើងថា ប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់ប្រទេស បានទទួលរងការលុកលុយ ដែលប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា មានពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ដែលមានគោលដៅ ចង់ដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក ខណៈទីក្រុងវ៉ាស៊ីនតោនបានចេញមុខបដិសេធ៕