(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ មិនបានបដិសេធឡើយថា ការប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីនឹងចាប់ផ្ដើមធ្វើឡើង មុនកាលកំណត់ ជាមួយការបញ្ជាក់ឡើងវិញដែរថា តួកគីមានសិទ្ធិអធិបតេយ្យ ក្នុងការធ្វើពាណិជ្ជកម្ម និងទិញអាវុធពីបណ្ដាប្រទេសដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។
លោក អឺដូហ្គាន់ ធ្វើការកត់សម្គាល់ខាងលើប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នៅថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទក្នុងទីក្រុងម៉ូស្គូ ជាពេលដែលប្រធានាធិបតីតួកគីរូបនេះ នៅតែប្រកាន់គោលជំហរទិញ S-400 បើទោះជាសហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្ម ឬលុបចោលការលក់យន្ដហោះចម្បាំង F-35 ចំនួន ១០០គ្រឿង ដែលតួកគីបញ្ជាទិញក៏ដោយ។
គួរបញ្ជាក់ថា តួកគីបានចុះហត្ថលេខាទិញ S-400 ពីរុស្ស៊ីក្រោមរូបភាពកម្ចីកាលពីឆ្នាំ២០១៧ ហើយកាលពីខែមីនាកន្លងទៅ លោក អឺដូហ្គាន់ ផ្ទាល់បានអះអាងថា កិច្ចព្រមព្រៀងនេះបានបំពេញគ្រប់លក្ខខណ្ឌ ដោយថែមទាំងប្រកាសទៀតផងថា ទីក្រុងអង់ការ៉ាអាចនឹងពិចារណាទិញ S-500 ពីទីក្រុងម៉ូស្គូនៅពេលអនាគត។ ទោះបីជាបែបនេះក្តី គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា តើតួកគីនឹងអាចទ្រាំទ្រការ ព្រមានផង និងលួងលោមផងរបស់អាមេរិកដល់ពេលណានោះឡើយ ប៉ុន្តែការចង់បានសព្វាវុធ អាមេរិកផង និងរុស្ស៊ីផងក្នុងឃ្លាំងតែមួយបែបនេះ ពិតជារឿងមិនងាយកើតមានឡើយ៕