(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបច្ចុប្បន្នលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវគេមើលឃើញថា មានលទ្ធភាពខ្ពស់ក្នុងដំណើរឆ្ពោះទៅរក ការបន្តដឹកនាំប្រទេស សម្រាប់អាណត្តិទី ៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Euronews នៅល្ងាចថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។
ទោះបីជាគណបក្សកាន់អំណាច លីគូដ (Likud) របស់លោក Netanyahu ទទួលបានសំឡេងគាំទ្រយ៉ាងប្រទាញប្រទង់គ្នាជាមួយគណបក្ស ខៀវ និង ស (Blue and White) របស់ ប៊ែននី ហ្គេនស៍ (Benny Gantz) ក្រោយសន្លឹកឆ្នោតប្រមាណ ៩៧ភាគរយ ត្រូវបានរាប់ក៏ដោយ លោក Netanyahu មានជំហរដ៏រឹងមាំមួយក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយបណ្តាគណបក្សស្តាំនិយមដទៃដែលគាំទ្ររូបលោក។
ខណៈលទ្ធផលផ្លូវការចុងក្រោយនឹងត្រូវចេញនៅថ្ងៃសុក្រសប្តាហ៍នេះ លទ្ធផលបឋមបានបង្ហាញថា អសនៈចំនួន ៦៥ ក្នុងចំណោមអសនៈសភាទាំង ១២០ នឹង ត្រូវធ្លាក់ទៅក្នុងដៃរបស់ក្រុមគណបក្សស្តាំនិយម ដែលដឹកនាំដោយលោក Netanyahu ហើយ ៥៥អសនៈ បានទៅសម្ព័ន្ធបក្សឆ្វេង និងកណ្តាលនិយម។
គួរជម្រាបថា ការបោះឆ្នោតបិទបញ្ចប់ទៅ ហើយលទ្ធផលបោះឆ្នោតបឋមបង្ហាញថា គ្មានគណបក្សណាមួយឈ្នះសំឡេងគាំទ្រដាច់ខាតនោះ លោក Netanyahu និង លោក Gantz សុទ្ធតែបានឡើងអះអាងពីជ័យជម្នះរៀងៗខ្លួន។ បើតាមប្រព័ន្ធបោះឆ្នោតប្រទេស អ៊ីស្រាអែល រដ្ឋាភិបាលចម្រុះត្រូវការអសនៈ យ៉ាងហោចណាស់ ៦១ ក្នុងចំណោមអសនៈសរុបនៅក្នុងសភា (Knesset) ១២០អសនៈ ហើយគ្មានគណបក្សណាមួយឈ្នះដាច់ ដើម្បីបង្កើតរដ្ឋាភិបាលនោះទេ ពោលគឺរាល់រដ្ឋាភិបាលត្រូវតែមានការចូលរួមពីគណបក្សដទៃ ដែលមានសំឡេងនៅក្នុងសភា៕