(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជម្រុញឱ្យអគ្គរដ្ឋអាជ្ញាអាមេរិកបើកការស៊ើបអង្កេតមួយ បកទៅលើការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ដែលលោកផ្ទាល់ចាត់ទុកថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆំាងនឹងប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ ចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ នាឱកាសនោះដែរ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាប៉ុនប៉ងធ្វើរដ្ឋប្រហារ... ហើយ ច្បាស់ណាស់វាគឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់ប្រធានាធិបតីម្នាក់... ដូច្នេះនៅពេលរបាយការណ៍ Mueller និយាយពីការបង្កឧបសគ្គដល់ប្រព័ន្ធយុត្តិធម៌ យើងបានវាយបកត្រឡប់ទៅវិញ ហើយអ្នកទាំងអស់ក៏ដឹងដែរថា ហេតុអ្វីយើងវាយបកត្រឡប់ទៅវិញ...»។
គួរបញ្ជាក់ថា របាយការណ៍សង្ខេបរបស់លោក Robert Mueller មិនបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ឬក៏មន្ត្រីយុទ្ធនាការបោះឆ្នោតណាម្នាក់របស់លោក មានជាប់ពាក់ព័ន្ធនឹងរុស្ស៊ីនោះទេ។ លើសពីនេះទៅទៀត ក្រោយការលើក ឡើងខាងលើពីសំណាក់លោក ត្រាំ អគ្គរដ្ឋអាជ្ញាអាមេរិក លោក វីលៀម បារ (William Barr) ក៏បាននិយាយដោយក្តីជឿជាក់ដែរថា អាជ្ញាធរអាមេរិកបានស៊ើបការសំងាត់ លើក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ដែលនេះគឺផ្ទុយទាំងស្រុង នឹងការអះអាងពីមន្ត្រីចារកម្មអាមេរិកដែលថា ពួកគេស៊ើបការតែទៅលើរុស្ស៊ីប៉ុណ្ណោះ ពោលគឺមិនមែនក្រុមយុទ្ធនាការបោះឆ្នោត នៃប្រធានាធិបតីអាមេរិករូបនេះឡើយ៕