(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា អាជ្ញាធររបស់លោកបានបង្ក្រាប និងទប់ស្កាត់ការវាយប្រហារនានាលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី នៃប្រជាជាតិអាមេរិកឡាទីនមួយនេះ រហូតដល់ទៅ ០៤ដងក្នុងមួយថ្ងៃ (គិតចាប់តាំងពីថ្ងៃទី៧ ខែមីនាមក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។
តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃពុធសប្ដាហ៍នេះលោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កម្មករធ្វើការងារដើម្បីសម្រួលថាមពលអគ្គិសនី មិនមែនកំពុងដេកលក់នោះទេ ប៉ុន្តែពួកគេកំពុងការពារប្រព័ន្ធនេះពីការវាយប្រហារនានា ២៤ម៉ោងក្នុងមួយថ្ងៃ។ ជាក់ស្ដែងយើងបានបង្ក្រាប និងទប់ស្កាត់ការវាយប្រហារលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីពី ៣ ទៅ ៤ដងជារៀងរាល់ថ្ងៃ»។
គួរជម្រាបថា លោក ម៉ាឌូរ៉ូ ក៏បានសន្យាចំពោះប្រជាជនវេណេស៊ុយអេឡាដែរថា អាជ្ញាធរនឹងបន្តប្រឹងប្រែងធ្វើយ៉ាង ណាដើម្បីដោះស្រាយបញ្ហាដាច់ចរន្តអគ្គិសនី ដែលចេះតែកើតមានឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៧ ខែមីនាមក ខណៈលោកផ្ទាល់ចោទថា សហរដ្ឋអាមេរិកជាប្រព្រឹត្ត ដើម្បីបង្កអសន្តិសុខនៅវេណេស៊ុយអេឡា៕