(ស៊ូដង់)៖ នៅទីបំផុតព័ត៌មានច្បាស់ការបានចេញមកហើយ ដោយប្រធានាធិបតីស៊ូដង់ លោក អូម៉ា បាហ្ស៊ឺ (Omar Bashir) ត្រូវបានបង្ខំលាលែងលាចេញពីតំណែង និងកំពុងស្ថិតនៅក្រោម ការឃុំខ្លួននៅក្នុងផ្ទះ ខណៈអ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមដៃយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក CNN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។
CNN ផ្អែកលើប្រភពពីមន្ត្រីរដ្ឋាភិបាលស៊ូដង់បានឱ្យដឹងទៀតថា កងអង្គរក្សរបស់លោក អូម៉ា បាហ្ស៊ឺ ត្រូវបានដូរចេញទាំងអស់ផងដែរ ខណៈយោធាត្រូវបានគេរំពឹងថា នឹងបង្កើតគណៈកម្មាធិការមួយដើម្បីដឹកនាំប្រទេសជាបណ្ដោះអាសន្ន។ ការធ្លាក់ចេញពីតំណែង របស់មេដឹកនាំបីទសវត្សរ៍ខាងលើនេះ បានកើតមានឡើងក្រោយក្រុមបាតុករ បានទទូចឲ្យយោធា មកចូលរួមកម្លាំងជាមួយប្រជាជន ស្របពេលដែលការតវ៉ាដែលបានបន្តមកដល់សប្តាហ៍នេះ បានបណ្តាលឲ្យជនស៊ីវិលមួយចំនួនស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ៕
គួរបញ្ជាក់ថា លោក អូម៉ា បាហ្ស៊ឺ បានកាន់តំណែងជាប្រធានាធិបតីស៊ូដង់ អស់រយៈពេល ៣០ឆ្នាំមកហើយ ដោយរាប់ចាប់តាំងពីឆ្នាំ១៩៨៩ មកម្ល៉េះ។ ប៉ុន្តែលោកត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋសង្រ្គាម និងប្រល័យពូជសាសន៍ នៅតំបន់ ដាហ្វ័រ (Darfur) ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០១៨ បាតុកម្មនៅស៊ូដង់បានកើតមានជាបន្តបន្ទាប់ ដោយសារតែការឡើងថ្លៃទំនិញ ហើយក្នុងការតវ៉ាទាំងនោះ ក៏មានការទាមទារឲ្យលោក Omar Bashir ចេញពីអំណាចផងដែរ៕