(ឡុងដ៍)៖ រដ្ឋាភិបាលអេក្វាឌ័របានចំណាយប្រាក់ជាង៦លានដុល្លារដើម្បីផ្ដល់កន្លែងស្នាក់នៅ និងសេវាកម្មដទៃ ទៀត សម្រាប់ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange នៅក្នុងស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នារយៈពេល៧ឆ្នាំមកនេះ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអេក្វាឌ័រ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

ថ្លែងប្រាប់សភាជាតិនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអេក្វាឌ័រ លោក José Valencia បានបញ្ជាក់ ទៀតថាអេក្វាឌ័របានចំណាយប្រាក់ច្រើនជាង ៥,៨០០,០០០ ដុល្លារលើការពារសន្តិសុខពីខែមិថុនា ឆ្នាំ២០១២ ដល់ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំង៤០០,០០០ដុល្លារ លើថ្នាំពេទ្យ ឬការព្យាបាលនានា, ម្ហូបអាហារ, បោកគក់ រួមទាំងការ ចំណាយជាច្រើនសម្រាប់លោក Assange រស់នៅក្នុងស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍។ លោក Valencia បន្ថែមថាស្ថានទូតអេក្វាឌ័របានសម្រេចចិត្តកាត់បន្ថយលើការចំណាយខាងសន្តិសុខក្នុងឆ្នាំ២០១៨ ពី១,០០០,០០០ ដុល្លារក្នុងមួយឆ្នាំមកនៅត្រឹមតែ ៦០០,០០០ដុល្លារប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក Julian Assange ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លូននៅឯស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយត្រូវបានអាជ្ញាធរអេក្វាឌ័រដកហូតសញ្ជាតិ្ត និងសិទ្ធិជ្រកកោនក្នុងស្ថានទូត ដោយសំអាងថាមិនអាចទ្រាំនឹងអាកប្បកិរិយារបស់ស្ថាបនិកគេហទំព័រ WikiLeaks និងជាជនជាតិអូស្ត្រាលីវ័យ៤៧ រូបនេះតទៅទៀត។

លោក Assange បានរស់នៅក្នុងស្ថានទូតអេក្វាឌ័រអស់រយៈពេលជាង៧ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២មក រីឯអង់គ្លេស វិញក៏បានទទួលស្គាល់ដែរថាការចាប់ខ្លួនរូបលោក គឺធ្វើឡើងតាមសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិកជាទីដែល លោកអាចនឹងប្រឈមមុខជាប់ពន្ធនាគារ៥ឆ្នាំឡើងទៅ បើសិនជាលោកត្រូវបានកាត់ទោសពីបទទម្លាយឯកសារ សំងាត់រដ្ឋាភិបាលអាមេរិកមែននោះ៕