(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងលោកឧត្ដមនាវី បៀល ម៉ូរ៉ាន (Bill Moran) ជាអគ្គមេបញ្ជាការកងទ័ពជើងទឹកថ្មី ខណៈមន្ត្រីកំពូលៗមួយចំនួនក្នុងរដ្ឋបាលលោក ត្រាំ ទើបតែត្រូវបានបណ្តេញ និងលាលែងពីតំណែងកាលពីថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។
លោក Bill Moran បច្ចុប្បន្នគឺជាមេបញ្ជាការ នៃកងនាវាអាមេរិក ហើយបើសិនជាមានការអនុម័តព្រឹទ្ធសភាអាមេរិក នោះលោកនឹងឡើងកាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពជើងទឹកថ្មី ជំនួសនាយឧត្តមនាវី ចន រីឆាដសុន (John Richardson) ដែលបានសម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ ៥៩ឆ្នាំ។
គួរបញ្ជាក់ថា លោក Bill Moran បានឡើងកាន់តំណែងជាមេបញ្ជាការរង នៃកងនាវាអាមេរិកចាប់តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ។ ដោយឡែកមន្ទីរបញ្ចកោណនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថា លោក ត្រាំ ក៏បានតែងតាំងលោក រ៉ូប៊ឺត ប៊ឺក (Robert Burke) ឱ្យកាន់តំណែងជំនួសលោក Moran ផងដែរ។ កងទ័ពជើងទឹកអាមេរិក គឺមានតួនាទីសំខាន់បំផុតក្នុងការរក្សាការពារ អធិបតេយ្យភាពដែនសមុទ្រ និងដែនដីឯនាយសមុទ្ររបស់អាមេរិក ព្រមទាំងរក្សាឥទ្ធិពលនៅទូទាំងសកលលោកផងដែរ៕