(ឥណ្ឌា)៖ សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ត្រូវបាននិមន្តចេញពីមន្ទីរពេទ្យនៅទីក្រុង ញូដេលី (New Delhi) ប្រទេសឥណ្ឌាវិញហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានចំណាយពេល ០៣ថ្ងៃ ទទួលការព្យាបាលជំងឺសួតនៅក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។
អ្នកនាំពាក្យរបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា គឺលោក ថេនហ្សិន តាក្លា (Tenzin Taklha) បានប្រាប់ឲ្យដឹងថា «សម្តេចសង្ឃត្រូវបាននិមន្តចេញពីមន្ទីរពេទ្យនៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រនេះ ដោយឥឡូវនេះព្រះអង្គមានសុខភាពល្អជាធម្មតាវិញ...»។ គួររំលឹកថា សម្តេចសង្ឃដែលបាននិរទេសពីតំបន់ទីបេ នៃប្រទេសចិនអង្គនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Max នៅរដ្ឋធានីរបស់ឥណ្ឌា កាលពីថ្ងៃអង្គារកន្លងទៅ។
កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ លោក Tenzin Taklha បន្តថា ម្ចាស់ពាន់រង្វាន់ណូប៊ែលសន្តិភាពអង្គនេះទទួលបានសុខភាពប្រសើរឡើងវិញ ហើយអាចធ្វើលំហាត់ប្រាណមួយចំនួនថែមទៀត។ នៅថ្ងៃសុក្រនេះ សម្តេចសង្ឃបាននិមន្តត្រឡប់ទៅកាន់ភ្នំមួយ ស្ថិតក្នុងទីក្រុង ដារ៉ាមសាលា (Dharamsala) ភាគខាងជើងប្រទេសឥណ្ឌា ជាទីកន្លែងដែលព្រះអង្គ បានគង់នៅបែបនិរទេសជាអចិន្ត្រៃយ៍ អស់រយៈពេល០៦ទសវត្សរ៍មកហើយ ជាមួយនឹងព្រះសង្ឃរាប់ពាន់អង្គទៀត។
គួរជម្រាបថា សម្តេចសង្ឃបាននិរទេសព្រះកាយចេញពីទីក្រុង ឡាសា (Lhasa) នៃតំបន់ទីបេ ប្រទេសចិន កាលពីឆ្នាំ១៩៥៩ ហើយបានឆ្លងកាត់ព្រំដែននៃជួរភ្នំហិម៉ាល័យ (Himalayan) ទៅកាន់ប្រទេសឥណ្ឌា នៅពេលដែលព្រះអង្គមានជន្មាយុទើបតែ ២៣ព្រះវស្សា ខណៈកងទ័ពចិន ចូលទៅកាន់តំបន់ទីបេ ដើម្បីបង្ក្រាបក្រុមប៉ះបោរដែលចង់ផ្តាច់ទឹកដី៕