(ស៊ូដង់)៖ រដ្ឋមន្ត្រីការពារជាតិស៊ូដង់ លោក Awad Mohamed Ahmed Ibn Auf បានស្បថចូលកាន់តំណែងជា ប្រធានក្រុមប្រឹក្សាយោធាអន្តរកាល ដើម្បីដឹកនាំប្រទេសជាបណ្ដោះអាសន្ន ក្រោយបង្ខំឱ្យប្រធានាធិបតី លោក អូម៉ា បាហ្ស៊ឺចុះចេញពីតំណែងក្រោយកាន់អំណាចអស់ជាង៣០ឆ្នាំ។ នេះបើតាមទូរទស្សន៍រដ្ឋស៊ូដង់ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាននស៊ីនហួរ នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

ទូរទស្សន៍រដ្ឋស៊ូដង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបញ្ជាក់ដូច្នេះថា៖ «លោក Awad Mohamed Ahmed Ibn Auf បានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាយោធាអន្តរកាល រីឯលោក Kamal Abdul-Marouf Al-Mahi ធ្វើ ជាអនុប្រធានរបស់លោក»

គួរបញ្ជាក់ថា ប្រធានាធិបតីស៊ូដង់ លោក អូម៉ា បាហ្ស៊ឺ ត្រូវបានគេបង្ខំឱ្យចុះចេញពីតំណែងកាលពី ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានបាតុកម្មតវ៉ាទាមទារឱ្យលោកចុះចេញពីតំណែងចាប់តាំងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មកម្លេះដោយសារ វិបត្តិសេដ្ឋកិច្ចរុំារ៉ៃនៅក្នុងប្រទេស។

បច្ចុប្បន្ន លោក បាហ្ស៊ឺ មានអាយុ៧៥ឆ្នាំត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះ ខណៈលោក Awad បានប្រកាសបង្កើត ក្រុមប្រឹក្សាយោធាមួយដែលអាចដឹកនាំប្រទេសជាបណ្ដោះអាសន្នរហូតដល់ទៅ២ឆ្នាំឯណោះ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិស៊ូដង់រូបនេះក៏បានសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៣ខែ និងដាក់បម្រាមគោចរ នៅពេលយប់រយៈពេលមួយខែផងដែរ៕