(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Bloomberg បានឱ្យដឹងថា រដ្ឋមន្ត្រីថាមពលអាមេរិកលោក រីក ភែរី (Rick Perry) មានគម្រោងចាកចេញពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈពេលវេលានៃការលាលែងពីតំណែងរបស់លោក នឹងត្រូវបានប្រកាសនាពេលឆាប់ៗនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
យោងតាម Bloomberg លោក Perry មានអាយុ ៦៩ឆ្នាំ បានពិចារណាលាលែងពីតំណែង អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ។ លោក Perry បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្ត គោលនយោបាយបង្កើនការផលិតថាមពលរបស់លោក ដូណាល់ ត្រាំ ហើយលោកក៏ត្រូវបានគេរាយការណ៍ដែរថា នឹងជំនួសតំណែងដោយអនុរដ្ឋមន្ត្រី ថាមពលលោក ឌែន ប្រ៊ូអ៊ីឡេត (Dan Brouillette)។ ប៉ុន្តែគេមិនទាន់ច្បាស់ឡើយថា លោក ត្រាំ នឹងតែងតាំងលោក Brouillette ជារដ្ឋមន្ត្រីថាមពលថ្មី ឬក៏យ៉ាងណានោះ។
គួរជម្រាបថា លោក Rick Perry គឺជាអតីតមន្ត្រីកងទ័ពអាមេរិកម្នាក់ និងធ្លាប់បម្រើការងារជាអភិបាលរដ្ឋតិចសាស់ជំនាន់ទី ៤៧ផងដែរ។ ការលាលែងចេញពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ខាងលើនេះ គឺបានកើតមានឡើងបន្ទាប់ពីមន្ត្រីកំពូលៗរបស់លោក ដូណាល់ ត្រាំ មួយចំនួនទៀតទើបតែបានសម្រេចចិត្តលាលែង ឬបណ្តេញចេញពីតំណែងដូចគ្នា៕