(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា កូរ៉េខាងជើងមិនចង់ឱ្យលោក ម៉ៃក៍ ប៉ុមប៉េអូ ចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរទៀតនោះទេ ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិករកមនុស្សថ្មីមកជំនួស ដែលមានការយកចិត្តទុកដាក់ និងចាស់ទុំជាងរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
KCNA ផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងការបរទេសកូរ៉េខាងជើង ក៏បានបញ្ជាក់ដែរថា គ្មាននរណាម្នាក់អាចព្យាករណ៍ទុកជាមុន ពីស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េនោះទេ បើសិនជាសហរដ្ឋអាមេរិកមិនព្រម បោះចោលវិធីសាស្ត្របច្ចុប្បន្ន ដែលខ្លួនកំពុងប្រើប្រាស់ដើម្បីបង្ខំឱ្យទីក្រុងព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។
គួរជម្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ KCNA ក៏បានរាយការណ៍ដែរថា កូរ៉េខាងជើងបានធ្វើតេស្ដអាវុធយុទ្ធសាស្ត្រ ថ្មីមួយក្រោមការបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន តែមិនបានបញ្ជាក់លម្អិតថា ជាប្រភេទអាវុធអ្វី និងទទួលបានជោគជ័យដែរ ឬមួយក៏អត់នោះឡើយ ខណៈសហរដ្ឋអាមេរិកហាក់នៅរង់ចាំ ក្រសោបយកព័ត៌មានលម្អិតសិន ទើបបញ្ចេញប្រតិកម្មជាក្រោយ៕