(អង់ការ៉ា)៖ អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៊ីម ខាលីន (Ibrahim Kalin) បាននិយាយថា តួកគីនឹងមិនត្រូវបានដកចេញពីកម្មវិធីយន្ដហោះចម្បាំង F-35 ឡើយ បើទោះជាសហរដ្ឋអាមេរិកព្រមានធ្វើដូច្នេះ នៅក្នុងករណីដែលទីក្រុងអង់ការ៉ា មិនព្រម បោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។
ចំពោះមុខអ្នកសារព័ត៌មាននានា នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Ibrahim Kalin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តួកគីកំពុង ហើយនឹងបន្តស្ថិតនៅជាដៃគូរបស់យន្ដហោះចម្បាំង F-35 ពីព្រោះយើងមិន មែនត្រឹមតែជាអ្នកទិញ ឬជាអតិថិជន F-35 នោះឡើយ»។ លោកបន្ថែមថា ការសម្រេចចិត្តទិញ S-400 ពីរុស្ស៊ីមិនមានគោលដៅលើប្រទេសទី ៣ ណាមួយនោះទេ ខណៈតួកគីគឺជាសមាជិកអង្គការណាតូ និងជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ក្រសួងការបរទេសអាមេរិកបានប្រកាសលុបចោលការប្រគល់បរិក្ខា នៃយន្ដហោះចម្បាំង F-35 ឱ្យតួកគី ជាមួយការព្រមានដកទីក្រុងអង់ការ៉ា ចេញពីកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំងនេះទៀតផង បើនៅតែចចេសទិញ S-400 ពីទីក្រុងម៉ូស្គូ ដែលត្រូវបានអាមេរិកចាត់ទុកថា ជាទង្វើធ្វើខូចយុទ្ធសាស្ត្ររបស់អាមេរិក និងសម្ព័ន្ធមិត្តអង្គការ NATO ដែលទុករុស្ស៊ីជាសត្រូវធំ៕