(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរស័ព្ទជាមួយ មេដឹកនាំភាគខាងកើតប្រទេសលីប៊ី លោកឧត្ដមសេនីយ Khalifa Haftar នៅក្នុងបរិបទដែលកងកម្លាំងរដ្ឋាភិបាល ទីក្រុងទ្រីប៉ូលីគាំទ្រដោយអន្តរជាតិ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផ្ទាល់កំពុងរងការវាយប្រហារពីសំណាក់ កងកម្លាំងរបស់ឧត្ដមសេនីយរូបនេះ។

យោងតាមសេតវិមាននៅអំឡុងកិច្ចសន្ទនាកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លង លោក ដូណាល់ ត្រាំ បានទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់លោក Haftar ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ និងការការពារប្រេងរបស់លីប៊ី ហើយមិន តែប៉ុណ្ណោះមេដឹកនាំទាំង២ក៏បានជជែកគ្នាពីអនាគតរបស់លីប៊ីផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការបង្ហាញជំហរ បែបនេះរបស់លោក ត្រាំ ត្រូវបានមជ្ឈដ្ឋានខ្លះមើលឃើញថា សហរដ្ឋអាមេរិកហាក់ដូចជាក្រឡាស់ ជំហរមក គាំទ្រ ក្រុម យោធាភាគខាងកើតដែល ជា គូប្រជែង រដ្ឋាភិបាលទីក្រុងទ្រីប៉ូលី គាំទ្រដោយអន្តរជាតិ។

*តើលោក ត្រាំ ពិតជាក្រឡាស់ជំហរមកគាំទ្រ លោក Haftar ឬ?

នៅក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ដូណាល់ ត្រាំ និងលោក Haftar បានពិភាក្សាគ្នាពីទស្សនៈវិស័យរួមពាក់ ព័ន្ធនឹងសេ្ថរភាព ប្រព័ន្ធនយោបាយប្រជាធិបតេយ្យ និងអនាគតរបស់លីប៊ី។ ប៉ុន្តែ អ្នកជំនាញខ្លះយល់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្ដូរគោលជំហរមកគំាទ្រលោក Haftar វិញ ដោយសារតែលោកមើលឃើញថាឧត្ដមសេនីយ រូបនេះមានសមត្ថភាពស្ដារឯកភាពជាតិ និងសណ្ដាប់ធ្នាប់ប្រទេសលីប៊ីឡើងវិញ បើទោះជាក្រុមអ្នកប្រឆាំងអះអាងថា លោក Haftar នឹងដឹកនាំប្រទេសទៅរករបបផ្ដាច់ការក៏ដោយ។

លើសពីនេះទៅទៀត ការក្រឡាស់ជំហររបស់អាមេរិកត្រូវបានគេមើលឃើញកាន់តែច្បាស់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូបានច្រានចោលសេចក្ដីព្រាងដំណោះស្រាយលើបទឈប់បាញ់មួយរបស់អង់គ្លេស ដាក់ជូនក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ រុស្ស៊ីបានបដិសេធការថ្កោលទោសលើលោក Haftar រីឯសហរដ្ឋអាមេរិកមិនបាន ផ្ដល់ហេតុផលណាមួយឡើយ។ លោក Haftar ទទួលបានការគំាទ្រពីប្រទេសអេមីរ៉ាត អារ៉ាប់រួម និងអេហ្ស៊ីប ហើយ លោកក៏ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីតដែរ មុននឹងប្រកាសបើកការវាយប្រហារលើទីក្រុងទ្រីប៉ូលី។

ដោយឡែក រដ្ឋាភិបាលទីក្រុងទ្រីប៉ូលីដឹកនាំដោយនាយករដ្ឋមន្ត្រីលីប៊ី លោក Fayez al-Serraj ដែលទទួលបាន ការគាំទ្រពីអន្តរជាតិ បានថ្កាលទោសយ៉ាងខ្លាំងចំពោះការប្រងើយកន្តើយរបស់បណ្ដាប្រទេសលោកខាងលិច ខណៈ រដ្ឋាភិបាលរបស់លោកកំពុងប្រឈមមុខនឹងការវាយប្រហារពីកងកម្លាំងរបស់លោក Haftar។ បន្ថែមពីលើនេះ លោក Fayez ថែមទាំងចោទប្រកាន់បារាំងទៀតផងថាគាំទ្រលោក Haftar តែទីក្រុងប៉ារីសបដិសេធ។

*នរណាខ្លះគាំទ្ររដ្ឋាភិបាលទីក្រុងទ្រីប៉ូលី?

ក្រោយអតីតរបបដឹកនាំលោក កាដាហ្វី ដួលរលំកាលពីឆ្នាំ២០១១ រដ្ឋាភិបាលទីក្រុងទ្រីប៉ូលីដឹកនាំដោយ នាយករដ្ឋមន្ត្រី លោក Fayez al-Serraj ត្រូវបានសហគមន៍អន្តរជាតិ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកទទួលស្គាល់ថាជារដ្ឋាភិបាល ស្របច្បាប់តែមួយគតរបស់លីប៊ី។

*លោកឧត្ដមសេនីយ Khalifa Haftar ជានរណា?

លោក Khalifa Haftar គឺជាអតីតយោធាម្នាក់ដែលធ្លាប់ជួយ លោក កាដាហ្វី ធ្វើបដិវត្តន៍ដណ្ដើមអំណាចគ្រប់គ្រងលីប៊ី កាលពីឆ្នាំ១៩៦៩។ ប៉ុន្តែ ក្រោយមកលោក Haftar បានរត់ទៅជ្រកកោនរស់នៅក្នុងសហរដ្ឋអាមេរិក ហើយលោក ត្រឡប់ចូលប្រទេសលីប៊ី វិញនៅឆ្នាំ២០១១ បន្ទាប់ពីផ្ទុះឡើងនូវចលនាប្រឆំាងលោក កាដាហ្វី។ លោក Haftar បាន ក្លាយជាមេដឹកនាំកងកម្លាំងជាតិលីប៊ី (LNA) គ្រប់គ្រងតំបន់ភាគខាងកើតក្នុងឆ្នាំដដែល ក្រោយលោក កាដាហ្វី ត្រូវបាន គេសម្លាប់។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក (WHO ) មនុស្សច្រើនជាង២០០នាក់ បានបាត់បង់ជីវិតនៅក្នុងការ វាយប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី និងកងកម្លាំងរដ្ឋាភិបាលភាគខាងកើត ក្នុងរយៈពេល៣សប្ដាហ៍ មកនេះ។ ចំណែកឯ អនាគតរបស់រដ្ឋាភិបាលទីក្រុងទ្រីប៉ូលីដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Fayez al-Serraj ក៏កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ផងដែរ ស្របពេលកងកម្លាំងរបស់លោកឧត្ដមសេនីយ Khalifa Haftar គ្រប់ គ្រងទឹកដីស្ទើតែ៧០ភាគរយ៕

ប្រភព៖ BBC (ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩)