(អ៊ុយក្រែន)៖ លទ្ធផលបោះឆ្នោតបានបង្ហាញថា តារាកំប្លែងអ៊ុយក្រែន លោក Volodymyr Zelensky បានទទួល ជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។
យោងតាមលទ្ធផលបោះឆ្នោតបឋមនៃការបោះឆ្នោតប្រធានាធិបតីជុំទី២ លោក Zelensky មានអាយុ៤១ឆ្នាំ ដែលបាន ទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជុំទី១កាលពីជាង៣សប្ដាហ៍មុន បានទទួលសំឡេងគាំទ្រច្រើនជាង៧០ភាគរយ ខណៈប្រធានាធិបតីបច្ចុប្បន្ន លោក Petro Poroshenko ទទួលបានសំឡេងគាំទ្រត្រឹមតែ២៥ភាគរយ ហើយលោកក៏បាន ទទួលស្គាល់បរាជ័យនេះដែរ។
គួរបញ្ជាក់ថា បើសិនជាលទ្ធផលបោះឆ្នោតខាងលើពិតជាត្រឹមត្រូវ លោក Volodymyr Zelensky នឹងត្រូវឡើងកាន់តំណែង ជាប្រធានាធិបតីអ៊ុយក្រែនសម្រាប់អណត្តិ៥ឆ្នាំ។ ក៏ប៉ុន្តែ លោកក៏ត្រូវប្រឈមមុខនឹងការដោះស្រាយជាច្រើនផងដែរ ក្នុងនោះរួមទាំងការឃុំខ្លូននាវិកអ៊ុយក្រែន២៤នាក់ពីសំណាក់អាជ្ញាធររុស្ស៊ី ក្រោយមានការប៉ះទង្គិចគ្នាកាលពីខែវិច្ឆិកា ឆ្នំា២០១៨ នៅឯច្រកសមុទ្រ Kerch៕