(ម៉ូស្គូ)៖ នៅទីបំផុតបុគ្គលដែលប្រទេសរុស្ស៊ី តែងតែបង្ហាញការគាំទ្រកាលពីកំឡុង យុទ្ធនាការឃោសនារកសំឡេងឆ្នោតមកម្ល៉េះនោះ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតី អ៊ុយក្រែនហើយ បើតាមលទ្ធផលបឋមមិនទាន់ផ្លូវការ ហើយនេះគឺជាក្តីត្រេកអរមួយផងដែរ សម្រាប់ទីក្រុងម៉ូស្គូដែលធ្លាប់បានអះអាងជាច្រើនដងថា រុស្ស៊ីចង់ឃើញលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្កាយ (Volodymyr Zelensky) ជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែន ដើម្បីស្តារសន្តិភាពនៅ តំបន់ភាគខាងកើត និងទំនាក់ទំនងល្អឡើងវិញជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយ ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។
ជុំវិញលទ្ធផលខាងលើនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក គ្រីហ្គោរី ការ៉ាស៊ីន (Grigory Karasin) បានប្រកាសចេញនូវសេចក្តីថ្លែងការណ៍ស្វាគមន៍ ដោយថែមទាំងបានហៅថា លទ្ធផលនោះទៀតថា «ជាការបោះឆ្នោតសម្រាប់ការផ្លាស់ប្តូរ»។ រុស្ស៊ីក៏បង្ហាញប្រាប់ពិភពលោកផងដែរថា ប្រជាជនអ៊ុយក្រែនភាគច្រើនបំផុតពិតជាចង់នូវការ កែប្រែនយោបាយការបរទេស និងក្នុងស្រុកបច្ចុប្បន្នរបស់ពួកគេផ្ទាល់ ចំពោះមុខភាពតានតឹងដែលបានផ្ទុះឡើងជាមួយរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤ និងវិបត្តិសេដ្ឋកិច្ច ព្រមទាំងសន្តិសុខផ្ទៃក្នុង ដែលអ៊ុយក្រែនបាននិងកំពុងជួបប្រទះ ៥ឆ្នាំមកនេះ។
គួរបញ្ជាក់តាលទ្ធផលបោះឆ្នោតមិនទាន់ផ្លូវការឲ្យដឹងថា តារាកំប្លែងអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីជុំទី ២ លោក Zelensky មានអាយុ៤១ឆ្នាំ ដែលបាន ទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជុំទី ១ កាលពីជាង ៣សប្ដាហ៍មុន បានទទួលសំឡេងគាំទ្រច្រើនជាង ៧០ភាគរយ ខណៈប្រធានាធិបតីបច្ចុប្បន្នលោក ផេត្រូ ផូរ៉ូហ្សេនកូ (Petro Poroshenko) ទទួលបានសំឡេងគាំទ្រត្រឹមតែ ២៥ភាគរយ ហើយលោកក៏បានទទួលស្គាល់បរាជ័យនេះដែរ។
គួរបញ្ជាក់ថា បើសិនជាលទ្ធផលបោះឆ្នោតខាងលើពិតជាមិនផ្លាស់ប្តូរ លោក Volodymyr Zelensky នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអ៊ុយក្រែន សម្រាប់អាណត្តិដំបូងរយៈពេល ០៥ឆ្នាំរបសលោក។ ក៏ប៉ុន្តែ លោកក៏ត្រូវប្រឈមមុខនឹងការដោះស្រាយជាច្រើនផងដែរ ក្នុងនោះរួមទាំងការឃុំខ្លូននាវិកអ៊ុយក្រែន ២៤នាក់ ពីសំណាក់អាជ្ញាធររុស្ស៊ី ក្រោយមានការប៉ះទង្គិចគ្នាកាលពីខែវិច្ឆិកា ឆ្នំា២០១៨ នៅឯច្រកសមុទ្រគែច (Kerch), វិបត្តិសេដ្ឋកិច្ច, វិបត្តិនៅភាគខាងកើត និងភាពស្របច្បាប់នៃតំបន់គ្រីមា ដែលរុស្ស៊ីបានក្រសោបយកទៅគ្រប់គ្រងផងដែរ៕