(វ៉ាស៊ីនតោន)៖ ក្រោមការខិតខំប្រឹងប្រែងបង្កើនសម្ពាធផ្នែកសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ សហរដ្ឋអាមេរិកទីបំផុតបានប្រកាសថា ខ្លួននឹងលែងផ្តល់ការលើកលែងសម្រាប់ឲ្យប្រទេសមួយចំនួន ដែលជាភាគច្រើនជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន អាចធ្វើការនាំចូលប្រេងរបស់អ៊ីរ៉ង់ទៀតហើយ បន្ទាប់ពីការអនុគ្រោះនេះផុតសុពលភាពនៅខែឧសភាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Al Jazeera នៅយប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។
នាថ្ងៃចន្ទនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចប្រកាសថា សហរដ្ឋអាមេរិកនឹងមិនបន្តផ្តល់ការលើកលែងឲ្យ ប្រទេសមួយចំនួនដែលកន្លងមកអាចទិញប្រេងពីប្រទេសអ៊ីរ៉ង់ ដោយមិនជាប់ទណ្ឌកម្មទៀតឡើយ នៅពេលដែលការអនុគ្រោះទាំងនេះផុតសុពលភាពនៅដើមខែឧសភាខាងមុខ។ បើតាមសេតវិមានអាមេរិក ការធ្វើបែបនេះគឺដើម្បីព្យាយាមធ្វើឲ្យអ៊ីរ៉ង់មិនអាចលក់ប្រេងចេញបានទាំងស្រុង ខណៈវាគឺជាប្រភពចំណូលដ៏ចម្បង របស់ទីក្រុងតេហេរ៉ង់។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Pompeo នឹងត្រូវជូនដំណឹងដល់ប្រទេសចំនួន០៥ រួមមានសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន គឺជប៉ុន កូរ៉េខាងត្បូង និងតួកគី ថា ពួកគេមិនអាចរួចខ្លួនពីទណ្ឌកម្មអាមេរិកឡើយ ប្រសិនបើនៅបន្តនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ ក្រោយថ្ងៃទី០២ ខែឧសភា នៅពេលដែលការអនុគ្រោះរបស់ប្រទេសទាំង០៣ផុតសុពលភាព។ ចំណែកប្រទេសពីរទៀតគឺចិននិងឥណ្ឌា។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នោះទេថា តើអាចមានប្រទេសណាមួយក្នុងចំណោមទាំង០៥ នឹងទទួលបានពេលវេលាបន្ថែម ឬមួយក៏ត្រូវរងទណ្ឌកម្មតែម្តងនៅថ្ងៃទី០៣ ខែឧសភា បើសិនជាមិនបញ្ឈប់ការទិញជាបន្ទាន់ទេនោះ។
គួរជម្រាបថា រដ្ឋបាល លោក ដូណាល់ ត្រាំ បានផ្តល់លើកលែងទណ្ឌកម្មប្រេងអ៊ីរ៉ង់ដល់ប្រទេសសរុបទាំងអស់ចំនួន០៨ នៅពេលដែលអាមេរិកបានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ឡើងវិញ បន្ទាប់ពីលោក ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំមុន។ ហេតុផលនៃការអនុគ្រោះនេះ គឺដើម្បីឲ្យប្រទេសទាំងនោះស្វែងរកប្រភពថាមពលជំនួសថ្មី និងដើម្បីទប់ស្កាត់កុំឲ្យមានការរង្គោះរង្គើភ្លាមៗដល់ទីផ្សារប្រេងសកល ដោយសារតែការលុបបំបាត់វត្តមានប្រេងឆៅរបស់អ៊ីរ៉ង់។
គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨មក បីក្នុងចំណោមនោះ គឺអ៊ីតាលី ក្រិច និងតៃវ៉ាន់ បានបញ្ឈប់ការនាំចូលប្រេងទាំងស្រុងពីប្រទេសអ៊ីរ៉ង់ ខណៈដែលប្រទេស០៥ខាងលើមិនបានធ្វើយ៉ាងដូច្នោះឡើយ ហើយបានព្យាយាមបញ្ចុះបញ្ចូលឲ្យមានការពន្យារពេលឲ្យវែងថែមទៀតសម្រាប់ការអនុគ្រោះរបស់ពួកគេ។
ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់សេតវិមាន សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម បានឯកភាពគ្នាថា នឹងខិតខំបំពេញតម្រូវការប្រេងសកលដោយបាន នៅពេលដែលប្រេងឆៅរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានលុបបំបាត់ទាំងស្រុងពីទីផ្សារអន្តរជាតិ៕