(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះបានទទួលស្គាល់ថា លោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលឆាប់នេះៗ ដើម្បីជួបពិភាក្សាការងារជាលើកដំបូងបំផុត ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈមានការរំពឹងខ្ពស់ថា មេដឹកនាំកូរ៉េខាងជើងរូបនេះអាចនឹងធ្វើដំណើរតាមរថភ្លើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន KCNA បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «លោក គីម ជុងអ៊ុន នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី តបតាមការអញ្ជើញរបស់លោក ពូទីន ហើយមេដឹកនាំទាំងពីរនឹងពិភាក្សាអំពីបញ្ហាមួយចំនួន នៅកំឡុងទស្សនកិច្ចនេះ»។ ប៉ុន្តែសារព័ត៌មានរដ្ឋមួយនេះ មិនបានបញ្ជាក់លម្អិតពីពេលវេលា ឬក៏ទីតាំងដែលលោក គីម និងលោក ពូទីន ត្រូវជួបគ្នានោះទេ ខណៈសារព័ត៌មានរុស្ស៊ី កុមមែសេនស៍ (Kommersant) ចេញផ្សាយដែរថាមេដឹកនាំទំាងពីរ អាចនឹងជួបគ្នានៅឯសាកលវិទ្យាល័យ Far Eastern Federal University ក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) នៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
បន្ថែមពីលើនេះ បើតាមសារព័ត៌មានរុស្ស៊ីដដែល រថភ្លើងរបស់លោក គីម ដែលមានដឹកប្រតិភូកូរ៉េខាងជើង ២៣០នាក់ អាចនឹងឆ្លងកាត់ព្រំដែនរុស្ស៊ី-កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធស្អែកនេះ។ ម្យ៉ាងវិញទៀតបើសិនជាលោក គីម ពិតជាជិះរថភ្លើង ទៅកាន់ទីក្រុង Vladivostok មែននោះលោកអាចនឹងត្រូវចាយពេល ធ្វើដំណើររហូតដល់ ២០ម៉ោង ហើយអាចនឹងចេញដំណើរនៅល្ងាចថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នឹងក្លាយជាជំនួបលើកដំបូងបំផុត រវាងមេដឹកនាំទាំងពីរក្នុងរយៈពេល ០៨ឆ្នាំមកនេះ ពោលគឺគិតចាប់តាំងពីលោក គីម ឡើងកាន់អំណាចកាលពីឆ្នាំ២០១១មក ហើយ វាក៏ជាលើកទី ៤ ផងដែរ ដែលលោកធ្វើទស្សនកិច្ចទៅក្រៅប្រទេស បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ២ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីខែកុម្ភៈ កន្លងទៅទទួលបរាជ័យ ដោយលោក គីម ធ្លាប់បំពេញទស្សនកិច្ចលើកដំបូងនៅចិន, ទីពីរនៅសិង្ហបុរី និងទីបីនៅវៀតណាម៕