(វ៉ាស៊ីនតោន)៖ ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI បានចោទប្រកាន់មេដឹកនាំក្រុមជីវពល United Constitutional Patriots (UCP) លោក ឡារី ហូបគីនស៍ (Larry Hopkins) ដែលល្បីឈ្មោះខាងជួយអាជ្ញាធរអាមេរិក ចាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់នៅឯ តំបន់ព្រំដែនជាប់ម៉ិចស៊ីកូថា កំពុងរៀបចំគម្រោងធ្វើឃាតអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរបស់គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
លោក Larry Hopkins មានអាយុ ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពីបទកាន់កាប់អាវុធដែលមិនសមស្របទៅនឹងសកម្មភាពរបស់ខ្លួន នៅឯតំបន់ព្រំដែន។ ប៉ុន្តែបើតាមការស៊ើបអង្កេតរបស់ FBI នៅកំឡុងឆ្នាំ២០១៧ លោក Hopkins មិនមែនត្រឹមតែកាន់កាប់អាវុធនោះ ពោលគឺលោកបានបណ្ដុះបណ្ដាល សមាជិករបស់ខ្លួនជាច្រើននាក់ ដើម្បីលួចធ្វើឃាត អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន និងមហាសេដ្ឋីអាមេរិក ដែលគាំទ្របក្សប្រជាធិបតេយ្យ លោក ហ្សក សូរ៉ូស (George Soros) ជាដើម។
គួរបញ្ជាក់ថា ក្រុមជីវពល United Constitutional Patriots ត្រូវបានគេស្គាល់ច្បាស់ ដោយសារតែការជួយអាជ្ញាធរព្រំដែន អាមេរិកចាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៥,៦០០នាក់ កាលពីជាង២ខែកន្លងទៅ នៅឯតំបន់ព្រំដែនជាប់ប្រទេសម៉ិចសីកូ។ ចំណែកឯ លោក Larry Hopkins បានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុង ឡាសគ្រូសេស (Las Cruces) រដ្ឋញូមិចស៊ីកូ (New Mexico) នៅថ្ងៃសប្ដាហ៍នេះ ប៉ុន្តែបើតាមមេធាវីរបស់ លោក Hopkins លោកនឹងទាត់ចោលរាល់ការ ចោទប្រកាន់ទាំងឡើយ៕