(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់រហូតដល់ ១០លានដុល្លារ សម្រាប់ព័ត៌មានផ្សេងៗ ដែលអាចដល់ការបង្អាក់បណ្តាញចំណូលរបស់ក្រុមហេសបូលឡាហ៍ (Hezbollah) នៅប្រទេសលីបង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
ការប្រកាសខាងលើត្រូវបានធ្វើឡើងដោយ លោក ម៉ាហ្សល បៀលលីងស្លៀ (Marshall Billingslea) ដែលជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាភេរវកម្ម នៃក្រសួងហិរញ្ញវត្ថុអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានចាត់បញ្ចូលក្រុម Hezbollah នៅលីបង់ ព្រមទាំងក្រុមហាម៉ាស់ (Hamas) នៅតំបន់ហ្គាហ្សាស្ទ្រីព ទៅក្នុងបញ្ជីអង្គការភេរវកម្ម ហើយកាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៨ សហរដ្ឋអាមេរិកទើបបានដាក់ទណ្ឌកម្មមួយចំនួន ទៅលើបុគ្គលជាប់ពាក់ព័ន្ធនឹងក្រុម Hezbollah ក៏ដូចជាទៅលើក្រុមនេះផ្ទាល់។
គួរជម្រាបថា Hezbollah គឺជាក្រុមយោធាប៉ារ៉ា (ឬទ័ពព្រៃ) និងជាបក្សនយោបាយ បង្កើតឡើងកាលពីទសវត្សរ៍ ១៩៨០ មានប្រភពមកពីក្រុមអ៊ីស្លាម-ស៊ីអីត (Shitte) ក្នុងប្រទេសលីបង់។ ពីដំបូងឡើយក្រុម Hezbollah មានគោលដៅបិទបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែមិនបានសម្រេចនោះឡើយ។ បច្ចុប្បន្នក្រុម Hezbollah និង Hamas គឺជាសត្រូវធំៗរបស់អ៊ីស្រាអែលនៅតំបន់មជ្ឈិបូព៌ា បន្ទាប់ពីប្រទេសអ៊ីរ៉ង់ដែលអ៊ីស្រាអែលតែងចោទថា មានមូលដ្ឋានយោធានៅលើទឹកដីស៊ីរី៕