(ណៃពិដោ)៖ តុលាការកំពូលនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់អ្នកកាសែត Reuters ទាំងពីររូប ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ០៧ឆ្នាំ ដោយសារការល្មើសនឹង ច្បាប់រក្សាការសម្ងាត់របស់មីយ៉ាន់ម៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
ប្រធានតុលាការកំពូល លោក សឿ ណេង (Soe Naing) បានប្រកាសថា អ្នកកាសែតទាំងពីរ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០៧ឆ្នាំ ហើយការសម្រេចនេះគឺនៅដដែល ដោយបណ្តឹងឧទ្ធរណ៍ត្រូវបានបដិសេធចោល។ លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣៣ឆ្នាំ និងលោក ក្យរ សឿអូ (Kyaw Soe Oo) អាយុ ២៩ឆ្នាំ បានជាប់ឃុំជាង ១៦ខែមកហើយ ចាប់តាំងតែពីពួកគេត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៧ កំឡុងពេលចុះយក ព័ត៌មានបែបស៊ើបអង្កេត ជុំវិញករណីបាត់បង់ជីវិត នៃក្រុមជនមូស្លីមរ៉ូហ៊ីងយ៉ា។
គួរជម្រាបថា ការចាប់ខ្លួន និងឃុំខ្លួនអ្នកកាសែតទាំងពីរនាក់នេះ បានបង្កឲ្យមាន ការខឹងសម្បារជាខ្លាំងពីសំណាក់ក្រុមសកម្មជន ដែលគាំទ្រសេរីភាពនៃសារព័ត៌មាន របស់ក្រុមអ្នកការទូតលោកខាងលិច ព្រមទាំងពីបណ្តាមេដឹកនាំពិភពលោក ដែលប្រការនេះបានដាក់សម្ពាធលើមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi)៕