(កូឡុំបូ)៖ ក្រុមមន្ត្រីប៉ូលិសជំនាញរបស់ប្រទេសស្រីលង្កា នៅមុននេះបន្តិចបានប្រទះឃើញ កញ្ចប់មួយដ៏គួរឲ្យសង្ស័យ ដែលត្រូវបានទុកចោលនៅក្នុងស្ថានីយរថភ្លើងកូលលូភីទីយ៉ា (Kollupitiya) នៃទីក្រុងកូឡុំបូ នៅព្រឹកថ្ងៃអង្គារនេះតែម្តង (ម៉ោងនៅទីក្រុងកូឡុំបូ)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
សារព័ត៌មានចិនបានបន្តទៀតថា ក្រោយពីការប្រទះឃើញកញ្ចប់សង្ស័យនោះភ្លាមៗ ប៉ូលិសស្រីលង្កាបានបញ្ជាឲ្យមនុស្សម្នាទាំងអស់ភៀសខ្លួនចេញ និងផ្អាកសកម្មភាពនានាជាបណ្តោះអាសន្ន ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យវត្ថុ ដ៏គួរឲ្យសង្ស័យខាងលើនេះ។ ការរកឃើញនេះ គឺបានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសបានរកឃើញតេឡេបញ្ជាគ្រាប់បែកប្រមាណ ៨៧គ្រឿងនៅក្នុងចំណតរថយន្តក្រុងធំមួយនៅក្នុងទីក្រុងកូឡុំបូដូចគ្នា កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានបារាំងមួយបានចុះផ្សាយ អាជ្ញាធរស្រីលង្កាបានបង្ហាញការសង្ស័យថ្មីមួយទៀតថា ក្រុមដែលស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ទំនងជាបានរៀបចំផែនការនៅលើប្រទេសដីកោះនេះផ្ទាល់តែម្តង បន្ថែមពីលើការសន្និដ្ឋានពីដំបូងៗថា វាត្រូវបានរៀបចំដោយក្រុមភេរវករ ដែលស្ថិតនៅក្រៅប្រទេស។ ដោយឡែកសម្រាប់តួលេខមនុស្សស្លាប់ចុងក្រោយ ដោយសារការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យនោះគឺមានចំនួន ៣១០នាក់ និងជាង ៥០០នាក់ទៀតរងរបួស៕