(ហាណូយ)៖ អតីតប្រធានាធិបតីវៀតណាម លោក ឡេ ដឹកអាញ់ (Le Duc Anh) ដែលធ្លាប់ជាមេទ័ពដឹកនាំកម្លាំងវៀតណាម ទៅជួយកម្ពុជាផ្តួលរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហមនោះ បានទទួលមរណភាពហើយនៅអាយុ ៩៩ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ព្រមទាំងទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម នាថ្ងៃអង្គារនេះ លោក Le Duc Anh បានទទួលមរណភាពកាលពីវេលាយប់ ថ្ងៃចន្ទម្សិលមិញ ដោយសាររោគាពាធ។ លោក Duc Anh បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។
លោក Duc Anh បានកាន់មុខតំណែងជាប្រធានាធិបតីវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ដោយនៅឆ្នាំ១៩៩៥ លោកបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេ ដែលបានឈានជើងជាន់លើទឹកដីអាមេរិក ក្រោយសម័យសង្រ្គាមវៀតណាម នៅពេលដែល រូបលោកធ្វើដំណើរទៅចូលរួមគម្រប់ខួប ៥០ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូយ៉ក។
លោក Le Duc Anh ទទួលបានការអប់រំនៅក្នុងអតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) និងពិការភ្នែកមួយចំហៀង និងធ្លាប់បានកាន់តួនាទីយោធាខុសគ្នាៗក្នុងអំឡុង សង្រ្គាមវៀតណាម ហើយលោក ក៏ត្រូវបាន ប្រទេសវៀតណាមចាត់ទុកជាបុគ្គលមួយរូប ដែលបានជួយរំដោះទីក្រុង សៃហ្គន (Saigon - ទីក្រុងហូជីមិញបច្ចុប្បន្ន) នៅក្នុងប្រតិបត្តិការវាយ និងផ្តួលរំលំរដ្ឋាភិបាលវៀតណាមខាងត្បូង ដែលគាំទ្រដោយអាមេរិក។ ដោយឡែកសម្រាប់មរណភាពរបស់លោក ពិធីបុណ្យ សពថ្នាក់ជាតិមួយនឹងត្រូវរៀបចំឡើង៕