(កូឡុំបូ)៖ អ្នកនាំពាក្យប៉ូលិសស្រីលង្កា លោក រូវ៉ាន ហ្គាណាសេគែរ៉ា (Ruwan Gunasekera) បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យសរុបទាំងអស់ ៤០នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងនោះក៏មានជនជាតិស៊ីរីម្នាក់ផងដែរ នៅក្នុងករណីវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកកាលពីថ្ងៃអាទិត្យ ខណៈចំនួនមនុស្សស្លាប់បានកើនដល់ ៣២១នាក់ និងរបួសខ្ទង់ ៥០០នាក់។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
បើតាមប្រភពដែលទីភ្នាក់ងារ Reuters ទទួលបាន អង្គភាពស៊ើបអង្កេតអំពើភេរវកម្ម របស់កម្លាំងប៉ូលិសប្រទេសស្រីលង្កា បានធ្វើការចាប់ខ្លួនជនជាតិស៊ីរីម្នាក់ ដើម្បីយកទៅធ្វើការសាកសួរ ហើយបុគ្គលម្នាក់នោះគឺជាបុរស និងត្រូវបានគេឃាត់ខ្លួនក្រោយការសួរចម្លើយ ទៅលើក្រុមជនសង្ស័យ ជាជនជាតិស្រីលង្កា។
គួរជម្រាបថា កាលពីថ្ងៃទីចំទិវា Easter របស់គ្រិស្តសាសនា ករណីបំផ្ទុះគ្រាប់បែកចំនួន ០៨បានកើតឡើង និងធ្វើឲ្យកក្រើកប្រទេសស្រីលង្កាទាំងមូល ដោយក្នុងនោះមានទាំងសណ្ឋាគារ និងព្រះវិហារ ដែលភាគច្រើនស្ថិតក្នុងរដ្ឋធានីកូឡុំបូផ្ទាល់។ មកទល់ពេលនេះស្រីលង្កាបាន និងកំពុងបើកប្រតិបត្តិការធានាសន្តិសុខ ទ្រង់ទ្រាយធំ ហើយវត្ថុសង្ស័យផ្សេងៗ ត្រូវបានរកឃើញជាបន្តបន្ទាប់។
ក្រៅពីនេះអាជ្ញាធរស្រីលង្កា ក៏បានដាក់ចេញនូវបម្រាមគោចរ និងដាក់ពង្រាយទ័ពបន្ថែមចំនួន ១,០០០នាក់ នៅទីក្រុងកូឡុំបូផងដែរ។ ម៉្យាងវិញទៀត បើទោះបីជានៅមិនទាន់មានក្រុមណាមួយ ចេញមុខទទួលថា ខ្លួនជាអ្នកប្រព្រឹត្តសកម្មភាព បំផ្ទុះគ្រាប់បែកទាំងនេះក៏ដោយ រដ្ឋាភិបាលស្រីលង្កាបានលើកឡើងថា ពួកវាគឺជាស្នាដៃរបស់ក្រុមជ្រុលនិយមអ៊ីស្លាម ថូវីតហ្សាម៉ាអាត (National Thowheeth Jama’ath) ដែលអាចមានការជួយពី ក្រុមភេរវករអន្តរជាតិ។
បន្ថែមពីនេះរដ្ឋាភិបាលស្រីលង្កាក៏បានទទួលស្គាល់ផងដែរថា កាលពីជាង ១០ថ្ងៃ មុនពេលមានការវាយប្រហារ ទីភ្នាក់ងារស៊ើបការណ៍មួយរបស់បរទេស បានជូនដំណឹងដល់ក្រុមមន្រ្តីផ្នែកសន្តិសុខរបស់ស្រីលង្កាថា អាចនឹងមាន សកម្មភាពវាយប្រហារនៅតាមព្រះវិហារគ្រិស្ត ដោយក្រុម National Thowheeth Jama’ath។
យោងតាមលទ្ធផលវិភាគមួយនៃការធ្វើកោសល្យវិច្ច័យ ដោយរដ្ឋាភិបាលស្រីលង្កា ទៅលើសាកសពនៅឯវិហារ និងសណ្ឋាគារដែល ទទួលរងការវាយប្រហារបានបង្ហាញថា អាចមានជនបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងតិច ០៧នាក់ ហើយនៅតាមទីតាំងភាគច្រើនគឺ មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតតែម្នាក់ៗឯងប៉ុណ្ណោះ៕