(កូឡុំបូ)៖ ប្រមុខការពារជាតិនៃប្រទេសស្រីលង្កា លោក រូវ៉ា វីហ្សេវ៉ាឌែន (Ruwan Wijewardene) បានឲ្យដឹងថា ដោយផ្អែកលើលទ្ធផលបឋមនៃការស៊ើបអង្កេត ការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនករណី នៅក្នុងប្រទេសដីកោះមួយនេះ កាលពីថ្ងៃអាទិត្យ គឺត្រូវបានធ្វើឡើងក្នុងន័យសងសឹក ចំពោះករណីវាយប្រហារដ៏មហាប្រល័យ នៅឯព្រះវិហារអ៊ីស្លាមក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់ ដែលមានគោលដៅទៅលើជនមូស្លីមកាលពីពាក់កណ្តាលខែមីនា និងផ្តាច់ជីវិតមនុស្ស ៥០នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
លោក Wijewardene បានថ្លែងប្រាប់សភាស្រីលង្កាយ៉ាងដូច្នេះថា «ការស៊ើបអង្កេតបឋមបានលាតត្រដាងឲ្យដឹងថា អ្វីដែលបាន កើតឡើងនៅក្នុងប្រទេសស្រីលង្កា (ការបំផ្ទុះគ្រាប់បែក) គឺជាទង្វើសងសឹកសម្រាប់ការវាយប្រហារបាញ់សម្លាប់មនុស្សយ៉ាង រង្គាលប្រឆាំងនឹងក្រុមជនមូស្លីមនៅទីក្រុង Christchurch កាលពីខែមុន»។
ក្នុងករណីបាញ់ប្រហារនៅឯព្រះវិហារអ៊ីស្លាមចំនួនពីរ កន្លែងក្នុងក្រុង Christchurch ប្រទេសនូវែលសេឡង់កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅ បានសម្លាប់ជីវិតមនុស្ស ៥០នាក់ ខណៈការបំផ្ទុះគ្រាប់បែកចំនួន ០៨លើកកាលពីថ្ងៃអាទិត្យ នៅតាមព្រះវិហារគ្រិស្ត និងសណ្ឋាគារ ដែលភាគច្រើនស្ថិតក្នុងរដ្ឋធានីកូឡុំបូរបស់ស្រីលង្កា បានបង្កឲ្យមនុស្សស្លាប់ ៣២១នាក់ និងរបួសខ្ទង់ ៥០០នាក់ (គិតត្រឹមរសៀលថ្ងៃអង្គារនេះ)។
លោករដ្ឋមន្រ្តីការពារជាតិស្រីលង្កាបានបន្ថែមទៀតថា ក្រុមជ្រុលនិយមអ៊ីស្លាមក្នុងស្រុក National Tawheed Jamath ដែលមានទំនាក់ទំនងជាមួយបណ្តាញក្រុមភេរវករអន្តរជាតិ គឺជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកទាំងនេះ។
គួរជម្រាបថា កាលពីពាក់កណ្តាលយប់ថ្ងៃចន្ទនេះ ប្រទេសស្រីលង្កាត្រូវបានដាក់ឲ្យស្ថិតក្រោមគ្រាអាសន្នថា្នក់ជាតិ ស្របពេល ដែលអាជ្ញាធរកំពុងព្យាយាមរក្សាសន្តិសុខ ក្នុងអំឡុងការស៊ើបអង្កេត ហើយមនុស្សសរុបចំនួន ៤០នាក់ត្រូវបានចាប់ខ្លួន ដោយក្នុងនោះរួមមានជនជាតិស៊ីរីម្នាក់ផងដែរ៕