(ប៉េកាំង)៖ ក្នុងកំឡុងការធ្វើព្យុហយាត្រាអបអរខួប ៧០ឆ្នាំ នៃថ្ងៃកំណើតទ័ពជើងទឹករបស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ យោធាចិនបានបញ្ចេញនាវាពិឃាត និងនាវាមុជទឹកថ្មីៗជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
ព្យុហយាត្រាខាងលើត្រូវបានរៀបចំឡើងនៅទីក្រុង គីងតាវ (Qingdao) ភាគខាងលិចប្រទេសចិន ជាមួយការចូលរួមពីនាវាទ័ពជើងទឹកសរុបចំនួន ៣២គ្រឿង ក្រោមការដឹកនាំក្បួនរបស់នាវាមុជទឹក ដំណើរការដោយថាមពលនុយក្លេអ៊ែរ និងមានបំពាក់មីស៊ីលផ្លោង ដែលមានទំហំធំ និងស៊េរីថ្មីចុងក្រោយគេបង្អស់នៃប្រភេទ Type-094។ ជាមួយគ្នានេះកងទ័ពជើងទឹកចិន ក៏បានបង្ហាញចេញ ជាសាធារណៈនូវនាវាពិឃាតស៊េរីថ្មីនៃប្រភេទ Type-055 ឈ្មោះ ណានឆាង (Nanchang) ដែលមានបំពាក់មីស៊ីលប្រដេញផងដែរ។
គួរជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែរៀបចំព្រឹត្តិការណ៍មួយចំនួន ចាប់តាំងពីថ្ងៃទី២២ ដល់ទី២៥ ខែមេសានេះក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទ័ពជើងទឹករបស់ប្រទេសចិន ដែលមាននាវាយោធាបរទេសប្រមាណ ២០គ្រឿង មកចូលរួមក្នុងការធ្វើព្យុហយាត្រាផងដែរ៕