(សេអ៊ូល)៖ កូរ៉េខាងជើងបានដកដៃស្ដាំរបស់លោក គីម ជុងអ៊ុន គឺលោក គីម យ៉ុងចុល (Kim Yong Chol) ចេញពីតំណែង ហើយ ដែលនេះទំនងជាការទម្លាក់ការទទួលខុសត្រូវលើរូបលោក សម្រាប់បរាជ័យនៃកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក ក្នុងប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ។ នេះបើតាមសមាជិកសភាកូរ៉េខាងត្បូងម្នាក់ដកស្រង់ចេញផ្សាយដោយ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
សារព័ត៌មានយ៉ុនហាប់ ផ្អែកលើប្រភពពីសមាជិកសភាកូរ៉េខាងត្បូង លោកស្រី Lee Hye-hoon បានបញ្ជាក់ទៀតថា លោក គីម យ៉ុងចុល ត្រូវបានដកតំណែងក្នុងនាមជាប្រធាននាយកដ្ឋានរណសិរ្សរួបរួមជាតិ របស់គណបក្សពលករកូរ៉េខាងជើង ដែលជាស្ថាប័នមួយទទួលបន្ទុកស្ដារទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ លោកស្រី Lee បន្ថែម ថាលោក យ៉ុងចុល ត្រូវបានដកចេញពីតំណែងដោយសារតែបរាជ័យក្នុងការស្វែងរកកិច្ចព្រមព្រៀង និងការបន្ធួរបន្ថយ ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន អំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ហើយបុរសវ័យ៧៤ឆ្នាំរូបនេះ ត្រូវបានជំនួសតំណែងដោយ លោក Jang Kum-chol។
គួរបញ្ជាក់ថា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង មិនទាន់ធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ខាងលើ នៅឡើយទេ រីឯលោក គីម យ៉ុងចុល ក៏មិនត្រូវបានគេឃើញអមដំណើរលោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ីដើម្បី ជួបជាមួយលោក វ៉ា្លឌីមៀ ពូទីន នោះដែរ៕