(អាហ្រ្វិកខាងត្បូង)៖ អាជ្ញាធរអាហ្វ្រិកខាងត្បូងបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់៦០នាក់ បានបាត់បង់ ជីវិតនៅក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលបានវាយប្រហារលើទីក្រុង Durban នៃខេត្ត KwaZulu-Natal ភាគខាង កើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរអាហ្រ្វិកខាងត្បូង ទារកអាយុ៦ខែ និងក្មេងប្រុសម្នាក់ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ផងដែរ។ រីឯមនុស្ស ច្រើនជាង១,០០០នាក់ត្រូវបានជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាព ស្របពេលអាជ្ញាធរកំពុងដុតដៃដុតជើងក្នុងការផ្ដល់ ជំនួយជាបន្ទាន់ដល់ជនរងគ្រោះ។
គួរជម្រាបថា តំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសអាហ្រ្វិកខាងត្បូង រងគ្រោះដោយសារទឹកជំនន់ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃកន្លងទៅនេះ។ ទឹកជំនន់ និងគ្រោះរអិលបាក់ដី បានបំផ្លាញផ្ទះជាច្រើនខ្នង រួមទាំង សកលវិទ្យាល័យចំនួន២៕