(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសប្រឆាំងដាច់ខាតចំពោះ គោលនយោបាយនៃប្រទេសលោកខាងលិចមួយចំនួន ដែលចង់បានការដឹកនាំពិភពលោកផ្តាច់មុខតែឯង និងប្រើប្រាស់ការគំរាមកំហែងក៏ដូចជាទណ្ឌកម្ម ដើម្បីព្យាយាមឲ្យប្រទេសដ៏ទៃ ប្រកាន់យកនូវគុណតម្លៃរបស់ពួកខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានចិន People's Daily មុនត្រូវចេញទៅទស្សនកិច្ចនៅឯទីក្រុងប៉េកាំងនាសប្តាហ៍នេះ លោក ពូទីន បាននិយាយថាដូច្នេះថា «ជាអកុសលប្រទេសលោកខាងលិចខ្លះ ចង់បានភាពជាអ្នកដឹកនាំសកលលោកផ្តាច់មុខតែឯង ដោយពួកគេបានរំលោភបំពានទាំងបើកចំហលើបទដ្ឋាន និងគោលការណ៍របស់ច្បាប់អន្តរជាតិ ហើយប្រើប្រាស់ការជំរិតគំរាម កំហែង និងដាក់ទណ្ឌកម្មព្រមទាំងសម្ពាធផ្សេងៗ ដើម្បីព្យាយាមបង្ខំឲ្យប្រជាជាតិដទៃទៀត ប្រកាន់យកនូវគុណតម្លៃក៏ដូចជា ស្តង់ដារបស់ពួកគេ។ ចំណែកឯពួកយើងវិញ គឺមិនយល់ស្របអ្វីបន្តិចឡើយ ចំពោះគោលនយោបាយបែបៗនេះ»។
គួរជម្រាបថា លោក ពូទីន នឹងត្រូវបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ក្រោយពីលោកទទួលជួបពិភាក្សាការងារជាមួយ ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលកំពុងស្ថិតក្នុងប្រទេសរុស្ស៊ីនាថ្ងៃព្រហស្បតិ៍នេះដែរ។ រីឯលោក ស៊ី ត្រូវគេរំពឹងថា នឹងមកទស្សនកិច្ចនៅរុស្ស៊ីអំឡុងចុងខែមិថុនា ខាងមុខផងដែរ៕