(កូឡុំបូ)៖ ក្រោយករណីវាយប្រហារបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប៉ូលិសស្រីលង្កាទើបក្របួចបានជនសង្ស័យ ១៦នាក់ទៀតដោយក្នុងនោះមាន ម្នាក់អាចជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ ហ្សាម៉ាអាត ថូវីត (National Thowheeth Jama'ath) ដែលអាជ្ញាធរស្រីលង្កាបានចោទប្រកាន់ថា ជាក្រុមដែលបានប្រព្រឹត្តការវាយប្រហារ ហើយស្រីលង្កាក៏បានដាក់ពង្រាយកងទ័ពបន្ថែមរាប់ពាន់នាក់ នៅទូទាំងប្រទេស ដើម្បីជួយប៉ូលិសតាមប្រមាញ់ជនសង្ស័យឯទៀតៗផងដេរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
មកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះជនសង្ស័យសរុប ៧៥នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួន និងសួរចម្លើយទាក់ទិនទៅនឹងករណីវាយប្រហារដ៏មហាប្រល័យ កាលពីថ្ងៃអាទិត្យកន្លងទៅនៅស្រីលង្កា ដែលបានផ្តាច់ជីវិតមនុស្ស ៣៥៩នាក់ និងបង្កឲ្យរបួសខ្ទង់ ៥០០នាក់។ ជាមួយគ្នានេះដែរ យោធាស្រីលង្កាបានឲ្យដឹងថា កងទ័ពជើងគោកបានបង្កើនការដាក់ពង្រាយចំនួនទ័ពពី ១,៣០០នាក់ រហូតដល់ ៦,៣០០នាក់ ហើយកងទ័ពជើងទឹក និងជើងអាកាសក៏ បានដាក់ពង្រាយទ័ពបន្ថែម ២,០០០នាក់ផងដែរ ដើម្បីជួយដល់ការ តាមប្រមាញ់ជនសង្ស័យដទៃទៀត។
ម៉្យាងវិញទៀត អាជ្ញាធរស្រីលង្កាក៏កំពុងបើកការស៊ើបអង្កេតទៅករណីដែលថា ក្រុមមន្រ្តីមួយចំនួនទទួលបានព័ត៌មានអំពីការអាច កើតមានឡើងនៃសកម្មភាពបំផ្ទុះគ្រាប់បែកនៅទិវាគ្រិស្តសាសនា Easter ដោយក្រុមភេរវករ National Thowheeth Jama'ath ប៉ុន្តែបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារនេះ។
គួរជម្រាបថា ខណៈក្រុម National Thowheeth Jama'ath ត្រូវអាជ្ញាធរស្រីលង្កាចោទប្រកាន់ ក្រុមភេរវករ ISIS ក៏បានចេញមុខអះអាងផងដែរថា ពួកគេគឺជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយ ដែលត្រូវបានរកឃើញដោយអាជ្ញាធរស្រីលង្កា ពាក់ព័ន្ធនឹងការលើកឡើងនេះឡើយ៕