(ម៉ូស្គូ)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានអញ្ជើញលោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ក្រោយមេដឹកនាំទាំង ២ បិទបញ្ចប់កិច្ចប្រជុំកំពូលក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
យោងតាម KCNA លោក ពូទីន បាននិយាយលោកបានត្រៀមខ្លួនជានិច្ច ដើម្បីបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ហើយនៅក្នុងជំនួបកាលពីថ្ងៃម្សិលមិញ បុរសខ្លាំងទាំង ២ ក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការចាត់វិធានការនានាដើម្បីបង្កើនទំនាក់ ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកូរ៉េខាងជើង និងរុស្ស៊ីឱ្យឡើងដល់កម្រិតថ្មីមួយ។
ជំនួបជាលើកដំបូងបំផុតរបស់លោក ពូទីន និងលោក គីម ជុងអ៊ុន ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅឯសាកលវិទ្យាល័យ Far Eastern Federal University នៃកោះរ៉ាស់ស្កាយ (Russky) ក្នុងទីក្រុង Vladivostok ហើយវាបានកើតឡើងចំពេលដែលគ្រប់គ្នាមើលឃើញថា លោក គីម កំពុងស្វែងរកការគំាទ្រពីរុស្ស៊ី ក្រោយកិច្ចប្រជុំកំពូលនៅវៀតណាមកាលពីខែកុម្ភៈ ជាមួយលោក ដូណាល់ ត្រាំ ទទួលបរាជ័យ។
គួរជម្រាបថា ក្រោយជំនួបកំពូល លោក ពូទីន បានហៅលោក គីម ថាជាមនុស្សបើកចំហរម្នាក់ ក្រោយពីបានពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ ស្ដីពីទណ្ឌកម្មសហរដ្ឋអាមេរិក និងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែទន្ទឹមគ្នាលោក ពូទីន ក៏បានសង្កត់ធ្ងន់ដែរពីសារៈសំខាន់ នៃការស្ដារអំណាចរបស់ច្បាប់អន្តរជាតិ នៅលើឧបទ្វីបកូរ៉េឡើងវិញ ខណៈសហរដ្ឋអាមេរិក និងរុស្ស៊ីសុទ្ធតែមានផលប្រយោជន៍ ពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបមួយនេះ៕