(ម៉ូស្គូ)៖ ប្រទេសចិន និងឥណ្ឌា ដែលជាមហាយក្សធំបំផុតប្រចាំតំបន់អាស៊ី អាចនឹងនៅតែបន្តទិញប្រេង ពីប្រទេសអ៊ីរ៉ង់ដដែល បើទោះជាត្រូវប្រឈមមុខ នឹងការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមអ្នកជំនាញមួយរូប គឺលោក អាដាម នី (Adam Ni) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
ថ្លែងបា្រប់ Sputnik លោក Adam Ni ដែលជាអ្នកជំនាញចិនមកពីសាកលវិទ្យាល័យ Macquarie University ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីបានលើកឡើង យ៉ាងដូច្នេះថា «ចិនទំនងជាងនឹងមិនបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់នោះទេ ហើយចិននឹង នៅតែបន្តនាំចូលប្រេងពីអ៊ីរ៉ង់ បើទោះជាត្រូវប្រឈមមុខជាប់ទណ្ឌកម្មអាមេរិកក៏ដោយ ពីព្រោះទីក្រុងប៉េកាំងធ្លាប់បញ្ជាក់ពីជំហរនេះ ជាច្រើនលើកជាមួយការអះអាងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងដោយឯកតោភាគី និងពុំមាន ភាពស្របច្បាប់»។
លោក Adam Ni បន្ថែមទៀតថា ក្រៅតែពីចិន ឥណ្ឌាក៏នឹងមិនបោះបង់ចោលការទិញពីប្រេងអ៊ីរ៉ង់ដែរ តែអាចនឹងបន្ថយការនាំចូល។ ម្យ៉ាងវិញទៀត ទីក្រុងញូដេលីក៏ធ្លាប់ទិញប្រេងពីតេហេរ៉ង់ដោយផ្គើននឹងទណ្ឌកម្មអាមេរិក នៅសម័យអតីតប្រធានាអាមេរិកអាមេរិក លោក បារ៉ាក់ អូបាម៉ា រួចមកហើយដែរ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសហរដ្ឋអាមេរិកបានព្រមានថា នឹងដាក់ទណ្ឌកម្មលើបណ្ដាប្រទេសទាំងឡាយណា ដែល នៅតែបន្តទិញប្រេងពីអ៊ីរ៉ង់។ ប៉ុន្តែបើតាមលោក Adam Ni បើសិនជាលោក ដូណាល់ ត្រាំ លុបចោលការលើកលែងបណ្ដោះអាសន្ន សម្រាប់ប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងតួកគីបន្តទិញប្រេងពីអ៊ីរ៉ង់ វាអាចនឹងធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកឡើងថ្លៃ៕