(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តរិះគន់ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការចូលជ្រៀតជ្រែក ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ពីសំណាក់ប្រទេសរុស្ស៊ីថា ប្រៀបដូចជាការធ្វើរដ្ឋប្រហារមួយយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
ថ្លែងក្នុងបទសម្ភាសន៍មួយជាលើកដំបូង គិតចាប់តាំងពីការស៊ើបការណ៍របស់ Mueller បានបិទបញ្ចប់ជាស្ថាពរ លោក ត្រាំ បានលើកឡើងដូច្នេះថា «វាគឺជាការប៉ុនប៉ងផ្តូលរំលំរដ្ឋាភិបាលអាមេរិក» ដោយលោកបានប្រៀបប្រដូចភាពស្រដៀងគ្នា រវាងការស៊ើបអង្កេតរបស់លោក Mueller ទៅលើការស៊ើបអង្កេតរឿងអាស្រូវ Watergate ដែលបានកើតឡើងកាលពីចន្លោះឆ្នាំ ១៩៧២ និងឆ្នាំ១៩៧៤ ដែលទីបំផុតបានឈានទៅដល់ការលាលែងពីតំណែង នៃអតីតប្រធានាធិបតី លោក រីឆាដ និចសុន (Richard Nixon)។
គួរជម្រាបថា ការស៊ើបអង្កេតរបស់លោក Robert Mueller មិនបានរកឃើញភស្តុតាងណាមួយ ដែលអាចបញ្ជាក់ថា មានការរួមគំនិត គ្នារវាងសមាជិកណាម្នាក់ នៅក្នុងក្រុមយុទ្ធនាការបោះឆ្នោតរបស់ លោក ត្រាំ ហើយនិងរដ្ឋាភិបាលរុស្ស៊ី កាលពីអំឡុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ នោះឡើយ៕