(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃសៅរ៍សប្តាហ៍នេះ បានសាទរចំពោះកិច្ចព្រមព្រៀងគិតជាទំហំទឹកប្រាក់ជាង ៦៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាខ្សែក្រវាត់និងផ្លូវនាសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ជុំវិញលទ្ធផលនៃវេទិកាអន្តរជាតិដែលបានប្រារព្ធឡើងរយៈពេល០៣ថ្ងៃកន្លងទៅនេះ លោក ស៊ី បានប្រាប់ថា កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការដែលមានតម្លៃជាង៦៤ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខា ក្នុងសន្និសីទពាណិជ្ជកម្មលើកដំបូងមួយ ក្រោមក្របខណ្ឌវេទិកាខ្សែក្រវាត់និងផ្លូវ។
លោកប្រធានាធិបតីចិន បានបន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់លោក ដែលសំដៅស្ថាបនាឡើងវិញនូវវិថីសូត្រកាលពីសម័យបុរាណ ដែលតភ្ជាប់ចិនជាមួយអាស៊ី អឺរ៉ុប និងអាហ្រ្វិក នឹងនាំមកនូវការអភិវឌ្ឍប្រកបដោយមានគុណភាពខ្ពស់ និងមានការប៉ះពាល់តិចតួចដល់បរិស្ថាន ហើយនាពេលខាងមុខ នឹងមានដៃគូចូលរួមកាន់តែច្រើនជាបន្តបន្ទាប់ទៀត។
គួរជម្រាបថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ត្រូវបានស្នើឡើងដោយលោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ដែលក្នុងគម្រោងនេះមានផ្នែកសំខាន់ៗចំនួនពីរ គឺការកសាងខ្សែក្រវាត់សេដ្ឋកិច្ចនៃវិថីសូត្រ ដែលផ្តោតលើការតភ្ជាប់ផ្លូវថ្នល់និងផ្លូវដែក ព្រមទាំងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលផ្តោតលើការតភ្ជាប់តាមរយៈផ្លូវទឹក៕