(ប៉េកាំង)៖ ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសកាណាដា កំពុងជួបឧបសគ្គរាំងស្ទះនៅតាមកំពង់ផែជាច្រើននៅក្នុង ប្រទេសចិន ដោយបណ្ដាលឱ្យក្រុមអ្នកលក់សណ្ដែកសៀង សណ្ដែងបារាំង និងសាច់ជ្រូកមានការខឹងសម្បារយ៉ាងខ្លាំង ខណៈ វិបត្តិការទូតរវាងប្រទេសទាំង២នៅមិនទាន់ដោះស្រាយរួច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។
នាពេលថ្មីៗនេះ រដ្ឋាភិបាលចិនក៏បានបញ្ឈប់ការនាំចូលប្រេងឆា canola ពីកាណាដាផងដែរ ដោយអះអាងថាផលិតផលនេះ មានពពួកប៉ារ៉ាសិត ហើយដោយសារតែបញ្ហានេះវាបានបង្ខំឱ្យក្រុមហ៊ុននាំចេញប្រេងឆា canola ប្ដូរគោលដៅលក់ ទៅកាន់តំបន់ដទៃជាមួយតម្លៃទាប។ ប៉ុន្តែ អ្នកនយោបាយកាណាដា បាននិយាយថាការព្រួយបារម្ភរបស់ចិន គឺគ្មានហេតុផលសមរម្យ ដែលអាចទទួលយកបាន និងមានលក្ខណៈនយោបាយធ្វើឡើងជាការសងសឹកទៅនឹងការចាប់ខ្លួននាយប្រតិបត្តិហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ល្បីម្នាក់ ពីសំណាក់អាជ្ញាធរកាណាដា តាមសំណើរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ចិនបានទិញប្រេងឆា canola ក្នុងទំហំទឹកប្រាក់ ២.៧ពាន់លានដុល្លារកាណាដា ( ២.០១ពាន់លានដុល្លារ) និងសាច់ជ្រូក ៥១៤ លានដុល្លារកាណា ពីប្រទេសកាណាដា៕