(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាដើមសប្តាហ៍នេះ បានបង្គាប់ឲ្យមន្រ្តីពាក់ព័ន្ធរឹតបន្តឹងច្បាប់ថែមទៀត ចំពោះជនភៀសខ្លួនដែលចង់ស្នើសុំសិទ្ធិជ្រកកោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។
កន្លងមករដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រឹងប្រែងជាខ្លាំង ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ ដែលប៉ុនប៉ងឆ្លងចូលមក ក្នុងទឹកដីភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលភាគច្រើនគឺមកសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសរបស់លោក។ ទាក់ទិននឹងរឿងនេះ ក្រុមសកម្មជនការពារជនអន្តោប្រវេសន៍បានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលអាមេរិក មានការប៉ះពាល់ជាខ្លាំងដល់បុគ្គលនានា ដែលចង់ស្នើសុំសិទ្ធិជនក្រោនដោយស្របច្បាប់ ដើម្បីគេចពីអំពើហិង្សា និងការជិះជាន់ធ្វើបាប។
នៅថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បង្គាប់ឲ្យក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខជាតិអាមេរិក ធ្វើយ៉ាងណាដាក់ចេញនូវចំណាត់ការថ្មី សំដៅរឹតបន្តឹងគោលការណ៍សុំសិទ្ធិជ្រកកោន ឲ្យបានក្នុងរយៈពេល ៩០ថ្ងៃ ដោយក្នុងនោះរួមមានទាំងការកំណត់យកថ្លៃ ដាក់ពាក្យស្នើសិទ្ធិជ្រកកោន ព្រមទាំងការរារាំងមិនឲ្យជនអន្តោប្រវេសន៍ ដែលចូលមកអាមេរិក បំពេញការងាររហូតទាល់តែពាក្យស្នើរបស់ពួកគេ ទទួលបានការអនុញ្ញាតជាដើម។
គួរជម្រាបថា នៅក្រោមច្បាប់អាមេរិក អ្នកចង់ស្នើសុំសិទ្ធិជ្រកកោន អាចដាក់ពាក្យដោយឥតគិតថ្លៃ ហើយទោះបីជាភាគច្រើននឹងទទួលបរាជ័យក៏ដោយ ពួកគេអាចស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្ន នៅក្នុងសហរដ្ឋអាមេរិក សម្រាប់រយៈពេលរាប់ខែ ឬក៏រាប់ឆ្នាំ ក្នុងអំឡុងពេលដែលពាក្យស្នើសុំរបស់ពួកគេ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ។ លោក ត្រាំ ក៏បានបង្គាប់ឲ្យក្រសួងយុត្តិធម៌ពន្លឿននីតិវិធីនេះផងដែរ៕